ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវជនដៃដល់កាប់ខណៈកំពុងកាត់សក់បណ្ដាលឲ្យរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ត្រូវជនដៃដល់កាប់បណ្ដាលឲ្យទទួលរងរបួសធ្ងន់ ខណៈដែលជនរងគ្រោះកំពុងកាត់សក់ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ។ ករណីហិង្សាដោយចេតនាខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងរោងជាងកាត់សក់របស់ឈ្មោះ អាន វ៉ាន់ ស្ថិតនៅក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គឿន ប៊ុនធឿន ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គកលិកកាស៊ីណូហ្គេនដ្រ្តាហ្គនរីសត មានទីលំនៅភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល (រងរបួសធ្ងន់)។ ចំណែកជនសង្ស័យឈ្មោះនៅ ធឿន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ បើកម៉ូតូរ៉ឺម៉កកង់បី មានទីលំនៅភូមិកំពង់ដរ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល ។ បច្ចុប្បន្នស្នាក់នៅជាមួយម្ដាយមីង ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល (បានរត់គេចខ្លួន)។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យធ្លាប់មានទំនាស់ជាមួយគ្នា តែពុំបានប្ដឹងផ្ដល់អ្វីនោះទេ ។ លុះមកដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ម៉ោង១៤រសៀល ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនមកកាត់សក់នៅចំណុចរោងជាងកាត់សក់របស់ឈ្មោះ អាន វ៉ាន់ ស្ថិតនៅក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ខណ:នោះស្រាប់តែមានជនសង្ស័យដែលមានទំនាស់ជាមួយគ្នាពីមុនមកនោះ បានជិះម៉ូតូសណ្ដោងរ៉ឺម៉ក(ម៉ូតូកង់បី) មកឈប់នៅមុខរោងជាងកាត់សក់ រួចក៏បានចុះពីលើម៉ូតូដើរសំដៅទៅរកជនរងគ្រោះ ហើយបានកាប់ជនរងគ្រោះ ខណៈកំពុងកាត់សក់ បណ្ដាលឲ្យជនរងគ្រោះទទួលរងបួសធ្ងន់ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូកង់បីរបស់ខ្លួនជិះយកមកទុកនៅផ្ទះម្ដាយមីងដែលខ្លួនស្នាក់នៅ រួចបានរត់គេចខ្លួនបាត់ស្រមោល ។ ដោយឡែកជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។

ចំពោះករណីខាងលើនេះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវតាមរកចាប់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖