ព័ត៌មានទាន់ហេតុការណ៍៖

ឥទ្ធិពលគណបក្សកាន់អំណាចអូស្ត្រាលីធ្លាក់ចុះខ្លាំងដោយវិបត្តិក្នុងជួរថ្នាក់ដឹកនាំ

ចែករំលែក៖

តាមលទ្ធផលស្ទង់មតិនាពេលកន្លងមកថ្មីៗរបស់ Newspoll បង្ហាញឲ្យឃើញថា ក្រោយវិបត្តិនយោបាយ នៅក្នុងប្រទេសអូស្ត្រាលី បានធ្វើឲ្យផ្លាស់ប្តូរនាយករដ្ឋមន្ត្រីថ្មី ធ្វើឲ្យពលរដ្ឋមួយចំនួនធំបាត់បង់ទំនុកចិត្តទៅលើគណបក្សកាន់អំណាច។ ជាមួយគ្នានេះ ការគាំទ្រគណបក្សប្រឆាំងនៅអូស្ត្រាលីបានកើនឡើងខ្ពស់។

ចំនួនអ្នកគាំទ្រគណបក្ស ប្រឆាំងកើនឡើងរហូតដល់ទៅ៥៦ភាគរយ ចំណែកគណបក្សសម្ពន្ធមិត្តកាន់អំណាចវិញមានតែ៤៤ភាគរយប៉ុណ្ណោះ ។ កាលពីមុន គណបក្សកាន់អំណាចមានសម្លេងគាំទ្រ៥១ភាគរយ និងគណបក្សប្រឆាំង៤៩ភាគរយ។

នៅក្នុងការស្ទង់មតិបានបង្ហាញឲ្យឃើញថា មេដឹកនាំគណបក្សប្រឆាំង លោក Bill Shorten ទទួលបានការស្រឡាញ់ពីពលរដ្ឋច្រើនជាងនាយករដ្ឋមន្ត្រីថ្មីលោក Scott Morrison ដោយមានសម្លេងគាំទ្រ ៣៩ភាគរយ និង៣៣ភាគរយ។

ឧប្បនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Michael McCormack បាននិយាយទៅកាន់សារព័ត៌មាន ABC ថា ការបែកបាក់នៅក្នុងជួរថ្នាក់ដឹកនាំ កន្លងមកធ្វើឲ្យពលរដ្ឋអស់ទំនុកចិត្ត។ ប៉ុន្តែរដ្ឋាភិបាលថ្មី និងខិតខំដើម្បីទទួលបានការគាំទ្រពីពលរដ្ឋឡើងវិញ ដោយផ្តល់អាទិភាពទៅលើគោលនយោបាយសំខាន់ៗដូចជា តម្លៃថាមពល ប្រាក់ខែ កំណើនសេដ្ឋកិច្ច និងសន្តិសុខជាតិ។

ប៉ុន្តែវិបត្តិនយោបាយនៅក្នុងជួរថ្នាក់ដឹកនាំអូស្ត្រាលីមិនទាន់បញ្ចប់នៅឡើយ ដោយពេលនេះមានរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Julie Bishop បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា លោកស្រីបានលាលែងចេញពី តំណែងនៅក្នុងជួររដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីថ្មី លោក Scott Morrison ហើយ។

ការសម្រេចចិត្តនេះ ធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកស្រីចាញ់នៅក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំ នៃគណបក្សសេរី និយម។ បន្ថែមពីលើនេះ លោកស្រី Bishop ថែមទាំងបញ្ជាក់ដែរថា លោកស្រីអាចនឹងចូលរួមជាមួយក្រុមគណបក្សប្រឆាំង ហើយទន្ទឹមគ្នាមិនបានប្រាប់ថានឹងចូលរួមក្នុងការបោះឆ្នោតសកលនៅខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ឬយ៉ាងណានោះទេ។ ប៉ុន្តែអ្វី ដែលគេដឹង នោះគឺថាការសម្រេចចិត្តនេះអាចនឹងបង្កភាពស្មុគស្មាញដល់រដ្ឋាភិបាលថ្មីរបស់លោក Morrison។

គួរបញ្ជាក់ថា លោកស្រី Julie Bishop ក៏បានចូលរួមនៅក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំ នៃគណបក្សសេរីនិយម កាលពីថ្ងៃសុក្រផងដែរ តែបានបរាជ័យ ខណៈលោក Scott Morrison បានស្បថឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអូស្រ្តាលីទី៣០ នៅក្នុងថ្ងៃដដែល ជំនួសលោក Malcolm Turnbull ដែលបានលាលែងពីតំណែងនាយករដ្ឋមន្ត្រី៕ ម៉ែវ សាធី


ចែករំលែក៖