ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តពោធិ៍សាត់មានវិធានការ​បង្ក្រាប​ផង ខណៈសកម្មភាព​បំផ្លាញព្រៃឈើ​នៅ​ភ្នំ១៥០០កក្រើកឡើងវិញ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្នុងរយៈពេល​ប្រមាណជា២សប្តាហ៍នេះ សកម្មភាព​កាប់បំផ្លាញព្រៃឈើ​បានកក្រើកឡើងវិញ នៅ​តំបន់ភ្នំ១៥០០ ដោយការ​អារផ្តួលរំលំប្រភេទឈើធំៗ ដែលមានមុខកាត់​១,៥ម៉ែត្រ-២ម៉ែត្រ និងមានឈើខ្លះទៀត មុខកាត់​៣ម៉ែត្រ ឬលើសពីនេះ សឹងតែពុំជឿថាឈើ​ទាំងនោះ ត្រូវបានបំផ្លាញដោយពួកឈ្មួញទុច្ចរិត ។ ប្រជាពលរដ្ឋ​បានរាយការណ៍មកថា ពួកគាត់បានឃើញពីសកម្មភាពមនុស្សជាច្រើននាក់​ចូលទៅអាររំលំឈើនៅភ្នំ១៥០០ តាមផ្លូវ​៨០ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយ​មានទាំងអាប៊ូលសម្រាប់ឈូសឆាយធ្វើផ្លូវ គ្រឿងចាក់អាអ៊ិច សម្រាប់អូស​កាយ​ឈើ​តាមជ្រោះជ្រលងភ្នំ ក្នុងនោះ​ឈើដែល​ពួកឈ្មួញ​បានអារផ្តួលរំលំ មានដូចជាឈើ ខ្វាវ, ឈើកន្ទុយដំរី, ឈើវល្លិ៍យ៉, ឈើស្នោព្រៃ និងឈើគគីរ ។ ពួកគាត់​បាន​សម្តែងនូវការសោកស្តាយឈើ​ធំៗ ដែលគេមិន​អភិរក្សថែរក្សា បែរជា​បណ្តែតបណ្តោយឲ្យមានការចូលកាប់បំផ្លាញកក្រើកឡើងសារជាថ្មី ។ ដូច្នេះ ពួកគាត់ចង់ឲ្យសមត្ថកិច្ចជំនាញ​ពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរខេត្ត មានវិធានការទប់ស្កាត់ដើម្បីការពារ​ព្រៃឈើ ជា​ធនធានធម្មជាតិដ៏មានតម្លៃនៅតំបន់ផ្លូវ​១៥០០​នេះ ។

បើទោះជា​មាន​ព័ត៌មានបែបនេះពីប្រជាពលរដ្ឋនៅមូលដ្ឋាននោះក៏ដោយ ប៉ុន្តែលោកតាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់​បានបដិសេធន៍ថា គ្មានបទល្មើសទាំងនេះ តាមទូរស័ព្ទនាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ លោកបានប្រាប់អង្គភាពនគរវត្តយ៉ាងដូច្នេះថា ខ្ញុំតែងតែឲ្យមន្ត្រីជំនាញចុះទៅល្បាតនៅតំបន់នោះញឹកញាប់ ពុំបានជួបប្រទះបទល្មើសទាំងនេះទេ ហើយ​ក៏គ្មាន​ឈើមុខកាត់៣ម៉ែត្រ ឬ៤ម៉ែត្រត្រូវបានកាត់បំផ្លាញ ដោយសារឈើមុខកាត់ធំៗនេះវាអស់យូរហើយ ។ លោកបន្តថា ដូច្នេះ កុំជឿ​ករណីរាយការណ៍បែបនេះ បើ​ឈើ​តូចៗអាចមាន ប៉ុន្តែ​លោកក៏​អរគុណផងដែរចំពោះ​កិច្ចសហការ​របស់ប្រជាពលរដ្ឋ​បានផ្តល់ព័ត៌មាន ហើយលោកក៏មានវិធានការដើម្បីល្បាតនៅតំបន់នោះ ។

លោកតាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្ត​បានបញ្ជាក់ថា ជាទូទៅតំបន់នោះ ពិបាកក្នុងការធ្វើដំណើរ ហើយ​មិនអាចទៅដល់​តំបន់​ជ្រលងភ្នំជ្រោះនោះបានទេ ។

បើទោះជាប្រធានមន្ទីរបរិស្ថានខេត្ត​លើកឡើង​បែបនេះក៏ដោយ ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅតំបន់នោះបានអះអាងថា ក្រុមឈ្មួញបានប្រើ​គ្រឿងចក្រប្រភេទអាប៊ូល និងគ្រឿងចក្រ អាអ៊ិច សម្រាប់ឈូសផ្លូវ និងកាយទាញយកឈើ​ដែលបានអារផ្តួល ព្រមទាំងមានម៉ាស៊ីន​អារឈើ​នៅទីនោះថែមទៀតផង ដើម្បីជាមធ្យោបាយឲ្យរថយន្តបាកុង រ៉ែវ ចូលទៅដឹកឈើ​យកមកលាក់ទុកនៅតាម​ភូមិអ្នកស្រុកនៅម្តុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ទៀតផង ។

ក្រៅពីសកម្មភាពកាប់ឈើនៅភ្នំ១៥០០ តាមផ្លូវ៨០ គេ​ក៏បានឃើញផងដែរអំពីសកម្មភាពរបស់​ឈ្មួញឲ្យប្រជាពលរដ្ឋ​ចូល​ទៅអារឈើ​នៅតំបន់នោះ ដែលគេហៅថាឈើក្រហម មានដូចជាកកោះ សុក្រំ និង​សសេក យ៉ាងប្រសេកប្រសាច​ក្នុងព្រៃ​ដឹកចេញមកវិញតាមគោយន្ត កាឡេថង ហើយមានឈ្មួញចាំទទួលទិញ រួចដាក់ឡានយីឌុបដឹកចេញពីចំណុចអន្លង់រាប ស្រុកវាលវែងឆ្ពោះទៅកាន់រាជធានីភ្នំពេញ ឬតាមបណ្តាខេត្តផ្សេងទៀត សឹងរាល់ថ្ងៃ ។ អ្នកភូមិ​នៅតំបន់អន្លង់រាប ផ្លុវចូលក្រុមហ៊ុនទ្រីភាព​បានបញ្ជាក់ផងដែរ ជារៀងរាល់ថ្ងៃ មាន​ប្រជាពលរដ្ឋ​និងក្រុមឈ្មួញខ្លះបានដឹកជញ្ជូនឈើ​ប្រភេទធ្នង់ សុក្រំ និងសសេក ចូល​ទៅក្នុងក្រុមហ៊ុនអតីតក្រុមហ៊ុនឧកញ៉ាទ្រីភាព​នៅអន្លង់រាប ហើយ​ក៏មានរថយន្តយីឌុបចូលទៅលើកដឹកចេញ មួយថ្ងៃយ៉ាងតិចមួយរថយន្តយីឌុប ប៉ុន្តែក្នុងករណីខ្លះ​ភ្លៀងជោគជាំ អាច​ពិបាកក្នុងការដឹកជញ្ជូនឈើចេញពីព្រៃគឺ​ពីរទៅបីថ្ងៃ ទើបមានឈើ​ដឹកចេញមួយឡានយីឌុបពី​ក្រុមហ៊ុន​ខាងលើនេះ ។ ពាក់ព័ន្ធករណីនេះ អង្គភាពនគរវត្តមិនអាចទាក់ទងសុំការបំភ្លឺបានទេពីលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយទូរស័ព្ទចូល លោកគ្រាន់តែបញ្ជាក់ថា មិនអាចនិយាយ​គ្នា​បានទេ កំពុងជាប់រវល់ប្រជុំ រួចក៏បិទទូរស័ព្ទ ។ ដោយឡែក​លោក ងី វីរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ក៏មិនអាច​ទំនាក់ទំនងបានដោយគ្មានលេខទូរស័ព្ទ ពាក់ព័ន្ធនឹង​ករណីមួយចំនួនត្រូវបានគេរាយការណ៍មកថា ឈើដែលដឹកចេញ​ដោយឡានយីឌុបនៅក្រុមហ៊ុនឧកញ៉ាទ្រីភាព ស្ថិតនៅឃុំអន្លង់រាប ស្រុកវាលវែង គឺជាឈើ​ដែល​កាប់បំផ្លាញ​នៅតាម​តំបន់អភិរក្សការពារ ហើយយកមកចូលក្រុមហ៊ុននេះ ទើបគេរត់ប៉េសេដើម្បីដឹកជញ្ជូនចេញតាមរយៈក្រុមឈ្មួញ​ប្រមូលឈើនៅទីនោះត្រូវរ៉ូវគ្នាជាមួយរដ្ឋបាលព្រៃឈើ ក៏ដូចជាខាងមន្ទីរកសិកម្មខេត្ត ។

ប្រជាពលរដ្ឋ​មានរំពឹងខ្ពស់​ទៅលើ​អាជ្ញាធរខេត្តថា នឹងមានវិធានការបង្ក្រាបឬទប់ស្កាត់ កន្លងមក​ពួកគាត់ក៏គាំទ្រផងដែរ​ចំពោះចំណាត់ការប្រកបដោយ​ភាពយកចិត្តទុកដាក់របស់​អាជ្ញាធរខេត្តចំពោះប្រជាពលរដ្ឋក្រីក្រនៅតាមតំបន់ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខណៈលោកអភិបាលបាន​ឲ្យលេខ​ទូរស័ព្ទទៅកាន់ប្រជាពលរដ្ឋ ដើម្បីទូរស័ព្ទ​រាយការណ៍ជូនគាត់ ប្រសិនបើមានសមត្ថកិច្ច អាជ្ញាធរ និងជំនាញពាក់ព័ន្ធ ចាប់ឈើរបស់គាត់ ឬ​កាក់ទារលុយ គ្រាន់តែជាឈើ​បន្តិចបន្តួច ដឹកយកមកធ្វើផ្ទះសម្បែង ។ ប៉ុន្តែករណីខ្លះ ពួកគាត់​ជាប្រជាពលរដ្ឋគិតថា បើសម្រាប់ប្រជាពលរដ្ឋក្នុងភូមិ ស្រុកនៅតំបន់នោះ គ្រាន់តែចូលកាប់ ឬអារយកឈើមកធ្វើផ្ទះ ចង់​កាប់១០០ឆ្នាំទៀត ក៏មិនអស់ឈើនៅតំបន់នោះផង ។ ប៉ុន្តែអ្វីដែលមិនមែនជាការពិត ត្រង់​ក្រុមឈ្មួញបានកេណ្ឌប្រជាពលរដ្ឋ មកពីស្រុកឆ្ងាយ និងនៅតំបន់ទីនោះខ្លះ ចូលទៅកាន់ព្រៃ អារ​ដឹកជញ្ជូនយកមកលក់​ឲ្យពួកគេ ដែល​ជាសកម្មភាពបទល្មើសព្រៃឈើ ងាយនឹងមហន្តរាយ ប្រសិនបើអាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធ​មិនមានវិធានការស្វែងរកមុខនរណាជាអ្នកប្រមូលទិញ ហើយមានមធ្យោបាយដឹកជញ្ជូនឈើទាំងនោះទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅប្រទេសនោះ? ។

លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អង្គភាពនគរវត្តមិនអាចទាក់ទងសុំការបំភ្លឺបានទេ តាមទូរស័ព្ទនាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ លោកគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា កំពុងមានភារកិច្ចជាប់ប្រជុំជាមួយ​ប្រជាពលរដ្ឋ ហើយលោកនឹងផ្តល់ឱកាសឲ្យបុគ្គលិក សារព័ត៌មានមកជួបគាត់ដោយផ្ទាល់នៅការិយាល័យដើម្បីពិភាក្សាគ្នា ឬចង់សួរនាំអំពីអ្វី ។

មួយរយៈនេះ សកម្មភាពបំផ្លាញព្រៃឈើនៅខេត្តពោធិ៍សាត់​កើតមានគ្រប់រូបភាព ទាំងសកម្មភាពអារឈើថ្មីៗ ដែលមានមុខកាត់១៥សង្ទីម៉ែត្រទៅ២៥សង្ទីម៉ែត្រ ត្រូវបានគេអារកាត់ជាកង់ៗ ចាត់ទុកជាការដឹកជញ្ជូនអុស ដែល​ប្រើរថយន្តយីឌុបម្តងៗ ដឹកគគ្រឹកគគ្រេង និងមានទីតាំងសម្រាប់លើកឈើអុសទាំងនោះយ៉ាងអនាធិបតេយ្យ ហើយក្បែរៗច្រមុះភ្នែករបស់សមត្ថកិច្ចជំនាញតែម្តង ប៉ុន្តែ​ករណីបង្ក្រាប យូរៗឃើញម្តង បន្ទាប់ពី​មានការផ្សព្វផ្សាយក្នុង​សកម្មភាពនេះញឹកញាប់បន្តិច ។ កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថ​ក៏បានបង្ក្រាបរថយន្តដឹកឈើប្រភេទយីឌុបរបស់ឈ្មួញឈ្មោះ ធារ៉ា ប្រគល់ឲ្យជំនាញផងដែរ ប៉ុន្តែ​អាជ្ញាធរខ្លះបាន​បង្ហើបថា អ្នកប្រមូលទិញឈើប្រភេទជាឈើអុស ហើយជាឈើកាប់ថ្មីៗនេះ មានឈ្មួញចំនួន២រូប គឺចែ អូន និងឈ្មោះ ធារ៉ា គឺជាមេឈ្មួញដ៏ធំប្រចាំខេត្តមួយនេះ ។ ដូច្នេះ ប្រសិនបើអាជ្ញាធរខេត្ត ក៏ដូចជាសមត្ថកិច្ចជំនាញពាក់ព័ន្ធបញ្ឈប់សកម្មភាពកាប់បំផ្លាញព្រៃឈើនិងឈើថ្មីៗយកមកធ្វើជាអុស គឺ​បង្ក្រាបតែឈ្មួញពីររូបនេះ ដែលជាអ្នកប្រមូលទិញ ប្រាកដជាគ្មានប្រជាពលរដ្ឋចូលទៅកាប់ឈើទៀតឡើយ ព្រោះគ្មានអ្នកទទួលទិញ តែ​បើ​ទុកឲ្យចែ អូន និងឈ្មោះ ធារ៉ា នៅ​តែ​ចាំប្រមូលទិញ ករណីបង្ក្រាបបទល្មើសព្រៃឈើ​គ្មានប្រសិទ្ធភាព ។ ក្នុងនោះ សូម្បីតែ​នៅក្នុងក្រុមហ៊ុនឧកញ៉ាទ្រីភាព ស្ថិតនៅចំណុច​អន្លង់រាប ស្រុកវាលវែង ក៏បាន​ប្រមូលទិញឈើពីប្រជាពលរដ្ឋដាក់ចូលក្រុមហ៊ុន ហើយដឹកចេញមកវិញ សុទ្ធតែឡានយីឌុប ក្នុងនោះមាន​ជាឈើ​ធ្នង់ ឈើសុក្រំ ឈើសសេក គ្រាន់តែគេប្រើរូបភាព​ដឹកចេញមានប៉េសេ ប៉ុន្តែក្រុមហ៊ុននេះគ្មានព្រៃសម្បទានអ្វីទៀតទេ ប៉ុន្តែពួកគេនៅប្រើឈ្មោះក្រុមហ៊ុនខាងលើនេះដើម្បីប្រមូលទិញឈើពីខាងក្រៅចូល ហើយដឹកចេញយ៉ាងអនាធិបតេយ្យ ក្នុងនោះមានទាំងមន្ទីរកសិកម្ម និងរដ្ឋបាលព្រៃឈើជាអ្នកចេញច្បាប់ឲ្យថែមទៀត ដែល​ដឹងថា ក្រុមហ៊ុននេះគ្មានព្រៃឈើ ហើយកំពុងប្រមូលឈើពីខាងក្រៅដឹកចូលនោះ?

ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរខេត្តគួរពិនិត្យក្នុងករណីនៃចរិកបទល្មើសព្រៃឈើ​ក្នុងខេត្តពោធិ៍សាត់នេះផង ព្រោះ​សកម្មភាពបែបនេះ គេបានធ្វើដើម្បីទាញយកប្រយោជន៍ជោគជ័យរហូតដល់បច្ចុប្បន្ន ។ ជួនកាលបង្ក្រាប​នៅពេលព្រឹក ពួកគេក៏ថ្លើមធំផងដែរ ហ៊ានដឹកជញ្ជូននៅពេលថ្ងៃ ឬពេលយប់ ដោយសារអំពើពុករលួយនៃបទល្មើសព្រៃឈើនេះ​បានកើតជាលក្ខណៈប្រព័ន្ធម្នាក់ៗប្រឹងហែកប្រយោជន៍ចែកគ្នា ទាំង​វិធានការរបស់រដ្ឋាភិបាលកំពុងរឹតបន្តឹង ៕ សុខ ខេមរា


ចែករំលែក៖