ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីកាប់មន្ត្រីនគរបាលឲ្យបួសនៅព្រែកឯង

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីនគរបាលប៉ុស្តិ៍ព្រែកឯងម្នាក់បានរងរបួសដៃខាងស្តាំដោយសារជនសង្ស័យម្នាក់ជាមុខសញ្ញាចែកចាយថ្នាំញៀននិងមានផែនការលួចម៉ូតូ ប្រើកាំបិតកាប់ប្រហាទៅលើមន្ត្រីនគរបាល នៅចំណុចមុខដីឡូត៍គ្មានលេខ ផ្លូវបេតុង ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០១៨ ម៉ោង ០១និង០០នាទី កណ្តាលអធ្រាត្រ ។

ជនរងគ្រោះឈ្មោះ ទឹម ដុង ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នគរបាលប៉ុស្តិ៍ព្រែកឯង ស្នាក់នៅភូមិចុង ព្រែក សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ ។

ជនសង្ស័យឈ្មោះ សរ មករា ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករដឹកបន្លែ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០១៨ ម៉ោង០១និង០០នាទី ជនរងគ្រោះ និងឈ្មោះ ខាន់ កុម្ភៈ ជាមន្រ្តីនគរបាលប៉ុស្តិ៍ព្រែកឯង បានល្បាតក្នុងមូលដ្ឋាន ពេលមកដល់ចំណុចកើត ក៏ឃើញជនសង្ស័យកំពុង ឈរជិតម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FU-៥៥៤០ ពេលនោះជនរងគ្រោះ និងឈ្មោះ ខាន់ កុម្ភៈ ជាមន្ត្រីនគរបាលប៉ុស្តិ៍ព្រែកឯងជាមួយគ្នាបានត្រួតពិនិត្យទៅលើជនសង្ស័យរកឃើញ ក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន ០១កញ្ចប់ថង់តូច, អាវុធខ្លីជ័រ០១ដើម និង កាំបិតប៉័ងតោ០១, កូនកន្ត្រៃ០១, ដែកកេះ០២, ទូរស័ព្ទដៃ ម៉ាកណូគារ ០១គ្រឿង និងដង្កាប់០១ ដែលជនសង្ស័យ លាក់ទុកនៅ ក្នុងការបូបស្ពាយ ភ្លាមនោះជនសង្ស័យក៏ឆក់យកកាំបិតប៉័ងតោកាប់ទៅលើជនរង គ្រោះចំកដៃខាង ស្តាំរងរបួស រួចជនរងគ្រោះ និងឈ្មោះ ខាន់ កុម្ភៈ ក៏ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង បញ្ជូនមក នគរបាលប៉ុស្តិ៍ព្រែកឯង តែម្តង ។

បច្ចុប្បន្នជនសង្ស័សត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការតាមនីតិវិធី ៕ សណ្តោស


ចែករំលែក៖