ភ្នំពេញ៖ បន្ទាប់ពីក្លឹបកម្សាន្តពេលរាត្រីយីហោ BASS ROOM ស្ថិតនៅច្រកចូលផ្លូវវត្តនាគវន្ត័ បានដាក់សម្ពោធជាផ្លូវការ បានរយៈពេល៤ថ្ងៃ ក៏ត្រូវកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះបិទជាបណ្ដោះអាសន្ន ដោយសារទីតាំងនេះគ្មានច្បាប់ត្រឹមត្រូវ ពីក្រសួងទេសចរណ៍និងសាលារាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការបិទទីតាំងខាងលើនេះ កម្លាំងចម្រុះខណ្ឌទួលគោក ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក និងមានការសម្របសម្រួលពីតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ធ្វើឡើងកាលពីរសៀលថ្ងៃអាទិត្យ ១៥កើត ខែស្រាពណ៌ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ បានចេញសេចក្ដីប្រកាសបិទក្លឹបរាត្រីឈ្មោះ BASS ROOM បន្ទាប់ពីទើបនឹងសម្ពោធជាផ្លូវការ បានរយៈពេល៤ថ្ងៃប៉ុណ្ណោះ ។
លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានឲ្យកាសែតនគរវត្តដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះថា ករណីចុះចុះបិទជាបណ្ដោះអាសន្ន ដោយសារទីតាំងនេះគ្មានច្បាប់ត្រឹមត្រូវ ពីក្រសួងទេសចរណ៍និងសាលារាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា ក្លឹបរាត្រីយីហោ BassRoom CLUB នេះ មានទីតាំងស្ថិតនៅកែងផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវទៅវត្តនាគវន្ត័ ជិតផ្សារទំនើបផាកសិនម៉ល (Parkson Mall) ឬ ការ៉ាស់សាំង PTT (Mike Burger) ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយទើបតែបើកសម្ភោធជាផ្លូវការ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នាពេលថ្មីៗនេះ ។
បច្ចុប្បន្ន ទីតាំងក្លឹបខាងលើនេះ ត្រូវបានអាជ្ញាធរខណ្ឌទួលគោក ចុះបិទជាបណ្ដោះអាសន្ន ដោយសារតែទីតាំងនេះគ្មានច្បាប់ត្រឹមត្រូវ និងបង្កភាពអនាធិបតេយ្យបណ្ដាលឲ្យខូចសណ្ដាប់ធ្នាប់សង្គម ៕ស តារា