ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ បានប្រព្រឹត្ដទៅដោយលទ្ធិប្រជាធិបតេយ្យ យុតិ្ដធម៌ គ្មានអំពើហិង្សា

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដនីតិកាលទី៦ ឆ្នាំ ២០១៨ នេះ បានប្រព្រឹត្ដទៅដោយលទ្ធិប្រជាធិបតេយ្យ យុត្ដិធម៌ ត្រឹមត្រូវ គ្មានអំពើហិង្សា ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងបែបនេះ ខណៈ លោកចូលរួមជាអធិបតីភាព បិទសន្និបាត បូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ដើម្បីស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមផ្សេងទៀត ជាទុនយកមកអនុវត្តនៅអាណត្តិក្រោយៗទៀត ។

ពិធីនេះបានធ្វើឡើងកាលពី ព្រឹកថ្ងៃចន្ឌ១រោចខែស្រាពណ៍ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី២៧ សីហា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងមន្ត្រី តំណាងគណបក្សទាំង១៩ ដែលមានសមាជិក សមាជិកាចូលរួមប្រមាណជាង៤០០នាក់ ផងដែរ ។

លោកលុន ឆេងកៃ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានថ្លែងពីមោទនៈភាពចំពោះលទ្ធផលល្អប្រសើរនៃដំណើរការឃោសនា ពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោតនិងថ្លែងអំណរគុណដល់រដ្ឋបាលរាជធានីភ្នំពេញដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរពិសេសលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សំរាប់ការបោះឆ្នោតកន្លងមកនេះ ។

លោកលុន ឆេងកៃ បានមានប្រសាសន៏ថា ៖ ដើម្បីវាយតំលៃពីភាពត្រឹមត្រូវនៃការបោះឆ្នោតមួយ គឺគេចាំបាច់ត្រូវធ្វើការវិនិច្ឆ័យ និងវាយតំលៃទៅលើភាពត្រឹមត្រូវនៃការអនុវត្តមុខងាររបស់អ្នករៀបចំការបោះឆ្នោតទាំងក្នុងក្របខណ្ឌបច្ចេកទេសទាំងក្នុងក្របខណ្ឌច្បាប់ គ្រប់ដំណាក់កាលនៃការរៀបចំការបោះឆ្នោត ។ សន្តិបាតថ្ងៃនេះ ក៏ជាការដកពិសោធន៏លើភាពចន្លោះប្រហោងខ្លះៗជៀសមិនផុតក្នុងការរៀបចំការបោះឆ្នោតដើម្បីជាមូលដ្ឋានសំរាប់ការរៀបចំការបោះឆ្នោតនៅពេលក្រោយៗទៀត និងក្នុងគោលដៅដើម្បីប្រមូលធាតុចូលតាមរយៈ ការដាក់ឲ្យពិភាក្សារួមគ្នាក្នុងសន្តិបាតនេះដើម្បីស្វែងរកចំណុចខ្វះខាត ចំណុចអវិជ្ជមាន និងបញ្ហាប្រឈមនានាដែលជួបប្រទះក្នុងពេលកំពុងប្រតិបត្តិលើការងារបោះឆ្នោតនេះ ។

លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ឆ្នាំ២០១៨ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរបើប្រៀបធៀបទៅនឹងការបោះឆ្នោតមុនៗ ។

លោកក៏ បានថ្លែងអំណរគុណ ដល់គណបក្សនយោបាយទាំង១៩ក្នុង ចំណោមគណបក្សទាំង២០ដែលបានចូលរួមប្រកួតប្រជែងក្នុងរាជធានីភ្នំពេញទាំងការឃោសនា បោះឆ្នោត និងរាប់សន្លឹកឆ្នោតហើយដែលមិនបានបង្កការលំបាកដល់អាជ្ញាធរ និងបានបង្ហាញពីភាពចាស់ទុំរបស់គណបក្សនយោបាយទាំងអស់ក្នុងការគោរពច្បាប់ និងការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ។

លោក ឃួង ស្រេង បានប្រគល់បណ្ណ័សសើរ និងលិខិតសរសើរជាច្រើនសន្លឹក ជូនតំណាងកម្លាំងមានសមត្ថកិច្ចទាំង២ភេទ មន្ត្រីរដ្ឋបាលរាជធានីអាជ្ញាធរខណ្ឌទាំង១២ និងមន្ទីរអប់រំ យុវជននិងកីឡារាជធានីភ្នំពេញ ដែលបានជួយសំរួល និងសហការក្នុងការរៀបចំការបោះឆ្នោតឲ្យដំណើរការទៅទទួលបានលទ្ធផលល្អប្រសើរ និងសំរាប់ធ្វើជាបទពិសោធន៏សំរាប់ការរៀបចំការបោះឆ្នោតនាពេលខាងមុខទៀត៕ សំរិត


ចែករំលែក៖