ព្រះសីហនុ ៖ កាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ប៉ូលិសអន្តោប្រវេសន៍បានចាប់ខ្លួនជនជាតិអាមេរិកកាំង ដែលបានរំលោភផ្លូវភេទលើកុមារជាច្រើននៅសហរដ្ឋអាមេរិករួចរត់មកពួនសម្ងំលាក់ខ្លួននៅខេត្តព្រះសីហនុ។ ជនជាតិអាមេរិកដែលចាប់ខ្លួននោះមានឈ្មោះ William David BRENNER។
ការចាប់ខ្លួននេះ គឺបន្ទាប់ពីមានការស្នើសុំរបស់ការិយាល័យសន្តិសុខភូមិភាគ (RSO) របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា រួចបញ្ជូនមកភ្នំពេញ។
យោងតាមលិខិតរបស់ការិយាល័យសន្តិសុខភូមិភាគ (RSO) របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ផ្ញើជូនសម្តេច ស ខេង កាលពីថ្ងៃទី២៣ ខែសីហា បានឲ្យដឹងថា ការិយាល័យសន្តិសុខភូមិភាគ បានទទួលព័ត៌មានថា ពលរដ្ឋអាមេរិកាំងឈ្មោះ William David BRENNER មានដីកាចាប់ខ្លួនដែលមានសុពលភាព ពាក់ព័ន្ធបទរំលោភបំពានផ្លូវភេទជាបន្តបន្ទាប់ទៅលើកុមារ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានលុបចោលសុពលភាពលិខិតឆ្លងដែនរបស់ជនល្មើស។ ហើយជនល្មើសកំពុងតែរស់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ដោយសារជនល្មើស គ្មានឯកសារធ្វើដំណើរដែលមានសុពលភាព វាស្តែងឲ្យឃើញថា ឈ្មោះ William David BRENNER កំពុងតែរំលោភទៅលើច្បាប់អន្តោប្រវេសន៍របស់ប្រទេសកម្ពុជា។
ការិយាល័យសន្តិសុខភូមិភាគស្នើសុំឲ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជួយស្វែងរក និងឃាត់ខ្លួនជនល្មើស ដោយផ្អែកលើច្បាប់របស់ប្រទេសកម្ពុជា។ ប្រសិនបើជនល្មើសបង្ហាញមុខនៅស្ថានទូត ការិយាល័យសន្តិសុខភូមិភាគនឹងជូនដំណឹងទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍អំពីវត្តមានជនល្មើសឈ្មោះ William David BRENNER។ ការិយាល័យសន្តិសុខភូមិភាគ បាននឹងកំពុងធ្វើការជាមួយនឹងស្ថាប័នពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ជូនខ្លួនជនល្មើសត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ដើម្បីធ្វើការកាត់ទោស៕ ឆ្លាម សមុទ្រ