ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ដ្រីក្រសួងធនធានទឹកផ្ដល់ផ្លូវបេតុង៣ខ្សែជូនប្រជាពលរដ្ឋក្នុងស្រុកពញាឮតាមការសន្យាដើម្បីសម្រួលទុក្ខលំបាក

ចែករំលែក៖

ខេត្តកណ្ដាល ៖ ដោយអនុវត្តន៍តាមការសន្យានាពេលកន្លងទៅនោះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និង ឧតុនិយម និងជាប្រធានគណៈពង្រឹងមូលដ្ឋានស្រុកពញាឮ ខេត្តកណ្ដាលនៅ ថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.​២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨បានផ្ដល់ ផ្លូវបេតុងចំនន៣​ខ្សែ​មានប្រវែងជិត៣,០០០ម៉ែត្រ ជូនប្រជាពលរដ្ឋក្នុងឃុំកំពង់ហ្លួង ឃុំទំនប់ធំ និងឃុំ​ភ្នំបាត។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី លឹម គានហោ បានគូសបញ្ជាក់ពីសារ សំខាន់ និងផលប្រយោជន៍នៃផ្លូវបេតុង មួយខ្សែនេះ ដែលអាចជួយសម្រួលដល់ ការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សអាចធ្វើដំណើរទៅសាលារៀនបានងាយស្រួល និងអាចដឹកកសិផល ទៅកាន់ទីផ្សារ បានឆាប់រហ័សផងដែរ ទើបលោកបានសម្រេចសាងសង់ជូនផ្លូវបេតុងទាំង៣ខ្សែនេះ។

លោកបន្តទៀតថា ក្នុងនាមជាប្រធាន គណៈពង្រឹងមូលដ្ឋានស្រុក លោកនឹងបន្តជួយអភិវឌ្ឍមូលដ្ឋានស្រុកពញាឮឲ្យបាន កាន់តែល្អប្រសើរ ទន្ទឹមនឹងនេះក៏នឹងបន្តយកចិត្តទុកដាក់ដល់បញ្ហាជីវភាព ក៏ដូចជាសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងស្រុកផងដែរ។

ជាមួយគ្នានេះ លោកក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខប្រជាពលរដ្ឋ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងបានគិតគូរពីទុក្ខលំបាក បញ្ហាកង្វល់ និងតម្រូវការនានារបស់បងប្អូននៅមូល ដ្ឋាន។

បន្ថែមពីនេះ លោក លឹម គានហោបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ ទំនុកចិត្ត និងបោះឆ្នោតគាំទ្រ គណបក្ស ប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកន្លងទៅ ដើម្បីសម្តេច តេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី និងបន្តដឹកនាំប្រទេសជាតិរីកចម្រើនបន្តទៀត ៕ ហេង សូរិយា


ចែករំលែក៖