ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីបារាំងស្នើឲ្យអឺរ៉ុបអនុវត្តទម្រង់ការពាររួម

ចែករំលែក៖

កាលពីថ្ងៃទី ៣០ខែសីហា ប្រធានា ធិបតីបារាំង លោក Emmanuel Macron បានស្នើដល់អឺរ៉ុប ត្រូវអនុវត្តទម្រង់ការពារ រួមក្រោយពេលមានក្តីបារម្ភ ដល់ការសន្យារបស់អាមេរិកនៅក្នុងបញ្ហាសន្តិសុខ។

មានប្រសាសន៍នៅក្នុងសន្និសីទកាសែតជាមួយសមភាគី ហ្វាំងឡង់លោក SauliNiinisto ប្រធានាធិបតីម៉ាក្រុងបានបញ្ជាក់ថា អឺរ៉ុប ចាំបាច់ត្រូវតែស្វែងរក ការគ្រប់ គ្រង«ស្វយ័តពីយុទ្ធសាស្ត្រការពារ» ។ ដើម្បីឈានដល់កិច្ចការទាំងនោះ លោក ម៉ាក្រុងបានស្នើដល់ ប្រទេសអឺរ៉ុប ឲ្យបង្កើនកិច្ចសហប្រតិបត្តិការបង្កើតកម្លាំងពិសេសការពាររួម។ កម្លាំងការពារនោះនឹងចូលរួមជួយដល់ប្រទេសជាសមាជិក ណាមួយ ដែលរងការវាយប្រហារពីខាងក្រៅ។

តាមការលើកឡើងរបស់លោកម៉ាក្រុង រូបមន្តនៃកិច្ចសហប្រតិបត្តិការ គឺដូចទៅ នឹងមាត្រាទី៥នៅក្នុងកិច្ចព្រមព្រៀងការពាររួមរបស់អង្គការណាតូ ប៉ុន្តែមានកម្រិត ខ្ពស់ជាង ។ នៅក្នុងមាត្រារបស់ណាតូបាន កំណត់ថា ប្រទេសណាមួយជាសមាជិករងការវាយប្រហារ មានន័យថា ណាតូទាំង មូលរងការវាយប្រហារ ។ លោកម៉ាក្រុង បញ្ជាក់ថា សំណើខាងលើមិនប៉ះពាល់ ដល់កិច្ចការអង្គការណាតូនោះឡើយ ហើយណាតូនៅតែជាសម្ពន្ធមិត្តយុទ្ធសាស្ត្រយ៉ាងសំខាន់។

ប្រធានាធិបតីបារាំង បានលើកឡើងពី គម្រោងខាងលើ ក្នុងពេលដែលប្រធានា ធិបតីដូណាល់ ត្រាំ ជាច្រើនលើកបាន បង្ហាញពីគោលបំណងចងចាកចេញពីអង្គការណាតូ ។ ពេលថ្មីៗនេះរដ្ឋមន្ត្រីការ បរទេសអាល្លឺម៉ង់ លោក Heiko Maas ក៏បានអំពាវនាវឲ្យ បង្កើនកិច្ចសហប្រតិបត្តិការយោធានៅក្នុងសហគមន៍អឺរ៉ុប ក្នុង ពេលដែលទំនាក់ទំនងរវាងអឺរ៉ុបនឹងអាមេរិក កាន់តែសោះកក្រោះពីមួយថ្ងៃទៅមួយថ្ងៃ៕ ម៉ែវ សាធី


ចែករំលែក៖