កំពង់ស្ពឺ៖ មនុស្ស១ក្រុមញៀនល្បែងបញ្ជល់មាន់ ហើយតែងណាត់គ្នា បីមាន់គកបបួលគ្នាតខ្នាយដែកជល់ដាក់លុយ ក៏ត្រូវសមត្ថកិច្ច ចុះបង្ក្រាបឃាត់ខ្លួនបាន៣នាក់ រឹបអូសវត្ថុតាងមាន់គក២ក្បាល និងម៉ូតូ៦គ្រឿង ចំណែកអ្នកផ្សេងទៀត រត់ចោលម៉ូតូ ។
ហេតុការណ៍បង្ក្រាបល្បែងបញ្ជល់មាន់ចល័តតាមព្រៃនេះ បានកើតឡើងកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១០និង៣០នាទីព្រឹក ស្ថិតក្នុងភូមិអង្គតានួន ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកសំរោងទងបានឲ្យដឹងថា មុនឈានដល់ការបង្រ្កាបល្បែងបញ្ជល់មាន់ចល័តក្នុងព្រៃខាងលើនេះ បើមិនមានការចូលរួមសហការពីប្រជាពលរដ្ឋល្អក្នុងភូមិទេ សមត្ថកិច្ចមិនអាចបង្ក្រាបបានជោគជ័យឡើយ ដោយសារតែពួកគេណាត់គ្នាតាមទូរស័ព្ទរួច ទើបបីមាន់ចូលព្រៃ រុំខ្នាយដែក កំណត់ចំនួនលុយ ជល់ស្ងាត់ៗតែក្នុងព្រៃ គ្មានម្ចាស់ និងទីតាំងច្បាស់លាស់ទេ ។
សមត្ថកិច្ចដដែលបញ្ជាក់ទៀតថា មុនឈានដល់ការបង្ក្រាប សមត្ថកិច្ចបានទទួលពាក្យបណ្តឹងតាមទូរស័ព្ទពីប្រជាពលរដ្ឋក្នុងភូមិ រាយការណ៍ថា មានអ្នកញៀនល្បែង១ក្រុម កំពុងជួបជុំគ្នា តាមហាងកាហ្វេ បបួលគ្នាជល់មាន់ ភ្នាល់លុយនៅក្នុងព្រៃខាងកើតភូមិ ។ លុះទទួលព័ត៌មានច្បាស់ហើយ ទើបនៅវេលាម៉ោងជាង១០ព្រឹក បានដឹកនាំកម្លាំងសមត្ថកិច្ច ចុះឡោមព័ទ្ធព្រៃ ឃាត់ខ្លួនបានបុរស៣នាក់ មាន់គក២ក្បាល និងម៉ូតូ៦គ្រឿង ដោយឡែកអ្នកផ្សេងទៀត រត់គេចខ្លួនចូលព្រៃចោលម៉ូតូ ។
ជនសង្ស័យទី១ ឈ្មោះទ្រី តឹក ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្ពានតោ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ទី២ឈ្មោះចាន់ សឿង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ទី៣ឈ្មោះ ចយ ចន្ថន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិអង្លុងបារាំង ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។
ក្រោយកើតហេតុ សមត្ថកិច្ចបានខ្លួនជនសង្ស័យទាំង៣នាក់ និងវត្ថុតាង មកកាន់អធិការដ្ឋាន រៀបចំកសាងសំណរឿងដើម្បីបញ្ជូនខ្លួនឡើងតុលាការ ចាត់ការតាមច្បាប់ ៕ សេនាស័ក្តិ