ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូមិនគោរពសិទ្ធិអាទិភាពត្រូវរថយន្ដបុកបណ្ដាលឲ្យរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ជិះម៉ូតូមិនគោរពសិទ្ធិអាទិភាព ត្រូវរថយន្ដកូរ៉ូឡាមួយគ្រឿងបើកបុក បណ្ដាលឲ្យទទួលរងរបួសធ្ងន់ ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២១និង១៥នាទី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវជាតិលេខ២១A កែងស្តុប១១០ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ ឡាច ផល្លា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកហុងដា SL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ1AB-7852 ។ ចំណែកឯរថយន្ដម៉ាកCOROLA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2G-7883 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដម៉ាកកូរ៉ូឡាខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុ ត្រង់ចំណុចផ្លូវលេខ១១០ កែងស្ដុប ស្រាប់តែម៉ូតូជនរងគ្រោះខាងលើបានជិះក្នុងល្បឿនលឿន ធ្វើឲ្យរថយន្ដឈប់មិនទាន់ជាន់ហ្វ្រាំងមិនជាប់ បុកម៉ូតូជនរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូទទួលរងរបួសធ្ងន់ ។

បន្ទាប់ពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានរថយន្ដសង្រ្គោះរបស់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញវាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការតាមច្បាប់ ៕ស្អាងជ័យ


ចែករំលែក៖