ភ្នំពេញ ៖ បុរស៣នាក់បើករុឺម៉កម៉ូតូឌុបគ្នាយ៉ាងលឿន ស្រាប់តែជ្រុលចង្កូតទៅបុកដើមឈើពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់២នាក់ ស្រាលម្នាក់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចភ្លើងស្ទុបបំបែកជា៥ តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមសាក្សីដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញបុរសរងគ្រោះ៣នាក់ បានបើកម៉ូតូសណ្ដោងរុឺម៉កឌុបគ្នាតាមបណ្ដោយផ្លូវលេខ២៧១ ទិសដៅពីត្បួងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកដើមឈើនៅចិញ្ចើមផ្លូវបណ្ដាលឲ្យម៉ូតូសណ្ដោងរ៉ឺម៉ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រួមទាំងបណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ។
ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះ២នាក់ដែលរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជន សុខ លាភមេត្រី ដឹកយកទៅព្យាបាល ។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ដោយឃើញពុំមានខូចខាតដល់សម្បត្តិរដ្ឋ ទើបប្រគល់ម៉ូតូរុឺម៉កសណ្ដោងឲ្យទៅសាច់ញាតិជនរងគ្រោះយកទៅជួសជុលដោយខ្លួនឯង៕ ភារ៉ា ដង្កោ