ដោយខ្លាចការដាក់ទណ្ឌកម្មរបស់ខ្លួនទៅលើវិស័យប្រេងអុីរ៉ង់មិនមានប្រសិទ្ធភាព អាមេរិកបានគំរាមកំហែងដល់ប្រទេសដែលទិញប្រេងពីអុីរ៉ង់ នឹងត្រូវទទួលរងការដាក់ទណ្ឌកម្មពីអាមេរិក។ កន្លងមកលោក ត្រាំ បានប្រកាសថា បើនៅតែបន្តរកស៊ីជាមួយអុីរ៉ង់គឺត្រូវតែឈប់រកស៊ីជាមួយអាមេរិក។
ជាមួយគ្នានេះដែរប្រទេសជាសម្ពន្ធមិត្តអាមេរិក បានងាករេកាត់បន្ថយការទិញប្រេងពីអុីរ៉ង់ ឬឈប់ទាំងស្រុង ក្នុងនោះមានប្រទេសជប៉ុនជាដើម។ ក្រុមហ៊ុនប្រេងជប៉ុនដោយខ្លាចទទួលរងនូវហានិភ័យបានត្រៀមលក្ខណៈផ្អាកទិញប្រេងពីប្រទេសអុីរ៉ង់ ដោយសារតែខ្លាចពីការវាយប្រហាររបស់អាមេរិកដាក់ទណ្ឌកម្មមកលើប្រទេសរបស់ខ្លួន ប្រសិនបើទីក្រុងតូក្យូបន្តទិញប្រេងពីអុីរ៉ង់នោះ។
ប្រធានាធិបតី ត្រាំ បានសម្រេចដកអាមេរិកចេញពីកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់ ក្នុងពេលជាមួយគ្នានេះអុីរ៉ង់មិនបានស្វែងរកការបន្តផលិតអាវុធបរមាណូនោះឡើយ។ ប៉ុន្តែបើទោះបីអុីរ៉ង់មិនបន្តកម្មវិធីបរមាណូ ប៉ុន្តែអាមេរិកនៅតែបន្តដាក់ទណ្ឌកម្មទៅលើប្រទេសនេះដដែល។
ការដាក់ទណ្ឌកម្មរបស់អាមេរិកត្រូវបានធ្វើឡើងជាលើកដំបូងនៅខែសីហា ហើយនឹងបន្តទៀតនៅខែវិច្ឆិកាខាងមុខ ដោយលើកនេះសំដៅទៅលើវិស័យប្រេងដែលជាប្រភពចំណូលដ៏សំខាន់របស់ជាតិ។
កន្លងមករដ្ឋាភិបាលជប៉ុនបានព្យាយាមដើម្បីទទួលបានការអនុញ្ញាតឲ្យបន្តទិញប្រេងពីអុីរ៉ង់ បើទោះបីមានការថយចុះយ៉ាងច្រើនហើយក្តី ប៉ុន្តែអាមេរិកនៅតែប្តេជ្ញារារាំង ហើយទីក្រុងតូក្យូមិនប្រាកដថានឹងទទួលបានការយោគយល់ពីទីក្រុងវ៉ាស៊ីនតោននោះឡើយ។
ចំណុចទាំងនោះហើយបានជាក្រុមហ៊ុនជប៉ុនកំពុងតែព្យាយាមបង្កើនការទិញប្រេងពីប្រទេសផ្សេងទៀតដើម្បីបំពេញការខ្វះខាតដោយសារតែនាំចូលពីអុីរ៉ង់តិចបំផុត ប្រមាណ៥,៣ភាគរយនៃចំនួនប្រេងដែលជប៉ុននាំចូល។
ជប៉ុនជាប្រទេសមិនសម្បូរធនធានធម្មជាតិនោះឡើយ ហើយប្រទេសនេះអាស្រ័យទៅលើការនាំចូលថាមពលប្រេងពីក្រៅប្រទេសទាំងអស់។ ដូច្នេះការផ្អាកទិញពីប្រទេសអុីរ៉ង់ នឹងធ្វើឲ្យជប៉ុនរងផលប៉ះពាល់យ៉ាងខ្លាំង។
ចំណែកអុីរ៉ង់វិញក៏មិនយោគយល់ដល់អាមេរិកផងដែរ ដោយបានប្រកាសថា ប្រសិនបើអាមេរិកដាក់ទណ្ឌកម្មទៅលើវិស័យប្រេងរបស់អុីរ៉ង់នោះ រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ នឹងមិនអនុញ្ញាតឲ្យប្រេងរបស់ប្រទេសនៅក្នុងតំបន់មួយតំណក់បានលក់ទៅក្រៅប្រទេសដោយនាំចេញតាមច្រកសមុទ្រ Hormuz នោះឡើយ។ កន្លងមកថ្មីៗកម្លាំងទាហានអុីរ៉ង់បានប្តេជ្ញាថា នឹងបិទច្រកសមុទ្រនេះប្រសិនបើអាមេរិកដាក់ទណ្ឌកម្មលើវិស័យប្រេង៕ ម៉ែវ សាធី