ព័ត៌មានទាន់ហេតុការណ៍៖

អ្នកលេងឆ្លងដែនជាតិចិនដែលប្រើប្រាស់កាំភ្លើងខ្លីបាញ់ជនជាតិចិនគ្នាឯងត្រូវនគរបាលខេត្តព្រះសីហនុបង្ក្រាបបានបញ្ជូនទៅសាលាដំបូងរសៀលថ្ងៃនេះហើយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី កុល ផាល្លី ស្នងការរងទទួលការងារព្រហ្មទ័ណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធើ្វសន្និសិទព័ត៌មានបង្ហាញមុខអ្នកលេងឆ្លងដែនជាជនជាតិចិនចំនួន០២នាក់ ដែលជាជនដៃដល់ធ្វើសកម្មភាពប្រើប្រាស់អាវុធខ្លីបាញ់ជនជាតិចិនដូចគ្នា បណ្តាលឲ្យរងរបួសចំនួន៤នាក់ នៅក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ហើយត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តព្រះសីហនុបានបើកការស្រាវជ្រាវរហូតឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ក្នុងនោះនគរបាលដកបានវត្ថុតាងកាំភ្លើងខ្លីចំនួន២ដើមផងដែរ ។

លោកឧត្តមសេនីយ៍ត្រីបានបន្តឲ្យដឹងទៀតថា ក្រោយពេលជនសង្ស័យបានបង្កហេតុតាមពេលវេលាខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏ដូចជាបទបញ្ជាដ៏ហ្មឹងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុធ្វើយ៉ាងណាត្រូវតែបើកការស្រាវជ្រាវ លើកកំពស់ក្នុងការយកចិត្តទុកដាក់ស្វែងរកជនសង្ស័យឈានទៅឃាត់ខ្លួនឲ្យខាងតែបាន ។

លោកឧត្តមសេនីយ៍ស្នងការរង ទទួលការងារព្រហ្មទ័ណ្ឌបានបន្តឲ្យដឹងទៀតថា លុះដល់ល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នេះក្រោយពីការស្រាវជ្រាវជិតពីរខែរបស់នគរបាលជំនាញ ទើបកម្លាំងនគរបាលឈានដល់ការឃាត់ខ្លួនបាន ។

លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងនាពេលកន្លងមកថា÷ នៅវេលាម៉ោង ១៩:៣០នាទីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨កន្លងមកនៅភោជនីយ៍ដ្ឋានយីហោ( ស៊ីហ៊ួ )តាមបណ្តោយវិថី២៨មិថុនា ស្ថិតនៅក្រុម០៩ភូមិ១ សង្កាត់៣ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យជាជនជាតិចិនចំនួន០២នាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ០១គ្រឿងម៉ាកស្កុបពី ពណ៌ក្រហម ប្រើស្កុតបិតពីលើស្លាកលេខជិត ពាក់មួកសុវត្ថិភាពពណ៌ខ្មៅនិងពាក់អាវរងារខ្មៅធំដៃវែងទាំង០២នាក់ បានធ្វើសកម្មភាពបាញ់គំរាម ជាច្រើនគ្រប់ទៅលើជនរងគ្រោះជាជនជាតិចិន ០៤នាក់ខណៈពេលដែលជនរងគ្រោះកំពុងអង្គុយហូបអាហារនៅហាងខាងលើបណ្តាលឲ្យត្រូវរបួសជើងទាំង ០៤នាក់រួចជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ ។

លោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថា ជនរងគ្រោះទាំង០៤នាក់ដែលត្រូវគេបាញ់ឲ្យរងរបួសមានឈ្មោះដូចខាងក្រោម៖

១-/ឈ្មោះ ZHANG KUNប្រុសអាយុ ៣៩ឆ្នាំ ជនជាតិចិន ត្រូវចំភ្លៅខាងស្តាំ ។ ២-/ ឈ្មោះYANG HUAIHUNប្រុសអាយុ៤១ឆ្នាំ ជនជាតិចិន ត្រូវចំក្បាលជង្គង់ខាងស្តាំ ។ ៣-/ឈ្មោះYANG JUN GING ប្រុស ២៧ឆ្នាំជនជាតិចិន ត្រូវចំចុងភ្លៅស្តាំ , និងដើមកំភួនជើងខាងឆ្វេង ។ ៤-/ឈ្មោះLIU WEIMINប្រុសអាយុ៣៣ឆ្នាំជនជាតិចិនត្រូវចំភ្លៅខាងស្តាំ ។ ជនរងគ្រោះខាងលើស្នាក់នៅបណ្តោះអាសន្ននៅវិមានខ្សាច់មាសជាអ្នកទេសចរណ៍ ចូលមកកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨។ក្រោយកើតហេតុបានរថយន្តគ្លីនិកដឹកបញ្ជូនទៅព្យាបាលនៅគ្លីនិកសេតេបច្ចុប្បន្នបានត្រឡប់ទៅប្រទេសកំណើតវិញអស់ហើយ ។

លោកឧត្តមសេនីយ៍ស្នងការបានបន្តថា ក្រោយធ្វើសកម្មភាពក្រុមជនសង្ស័យបានបន្សល់នៅវត្ថុតាងនៅកន្លែងកើតហេតុរួមមាន៖-សំបកគ្រាប់ ចំនួន ០៩ និងគ្រាប់មិនទាន់បាញ់ចំនួន ១ គ្រាប់ ។

លោកឧត្តមសេនីយ៍ស្នងការបានសង្កត់ធ្ងន់ថា ក្រោយរឿងហេតុកើតឡើងភ្លាម ស្នងការដ្ឋាននគរបាលខេត្ត បានបង្កើតគណៈកម្មការមួយ ធ្វើការស៊ើបអង្កេតស្រាវជ្រាវជាបន្ទាន់ ។ ដោយមានការចង្អុលដឹកនាំផ្ទាល់ពីលោក រួមជាមួយកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់និងឈានទៅឃាត់ខ្លួនបានជនសង្ស័យនៅវេលាម៉ោង២២និង៣០នាទី ថ្ងៃទី០៥ខែកញ្ញា ឆ្នាំ២០១៨កន្លងមក។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ជនអ្នកលេងឆ្លងដែនដៃដល់ជាជនជាតិចិនក្នុងការបាញ់គំរាមទាំង០២នាក់ដែលកម្លាំងនគរបាលឃាត់ខ្លួនបានមានឈ្មោះដូចខាងក្រោម÷

១-/ ឈ្មោះREN HAI JUN ភេទប្រុសអាយុ ៤៦ឆ្នាំ ជនជាតិចិនកាន់លិខិតឆ្លងដែនលេខ E០១១១៥៤៣៤មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។

២-/ ឈ្មោះWU HAI ZHUភេទប្រុស អាយុ ៣០ឆ្នាំជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E៩២១១១៩៨៥មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។ វត្ថុតាងដែលសមត្ថកិច្ចនគរបាលដកហូតបានមាន៖ -កាំភ្លើងខ្លី០២ដើម៖ ១,ម៉ាក BERETA លេខG643652 បង់១គ្រាប់ចំនួន០២គ្រប់ ។ ២,ម៉ាកGLOCK19 លេខWBEN763 បង់១ គ្រាប់០៤គ្រប់ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់ខាងលើបានឲ្យដឹងថាពួកគេពិតជាបានធ្វើសកម្មភាពដោយប្រើភ្លើងខ្លី ០២ដើម បាញ់ទៅលើជនរងគ្រោះពិតប្រាកដមែន ព្រោះពួកគេខឹងនឹងជនរងគ្រោះដែលបាននិយាយប្រមាថមើលងាយពួកគេថា ពួកគេជាមនុស្សដើរមិនត្រង់ផ្លូវ មិនមែនជាមនុស្សល្អ ពេលដែលពួកគេទៅផឹកនៅក្នុងក្លឹបមួយកន្លែងដែលនៅចំណុចឧតុនិយមកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨កន្លងមក ទើបនៅថ្ងៃកើតហេតុពួកគេបាញ់ទៅលើជនរងគ្រោះតែម្តង ។ ចំពោះកាំភ្លើងរូបគេបានទិញពីជនមិនស្គាល់អត្តសញ្ញាណ ក្នុង១ដើមតម្លៃ៣,៨០០ដុល្លាហើយពេលធ្វើសកម្មភាពរួច ពួកគេបានយកទៅកប់នៅក្នុងដីស្ថិតនៅក្រុម២២ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។

បច្ចុប្បន្នជនសង្ស័យទាំង២ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុនៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០១៨ដើម្បីផ្តន្ទាទោសទៅតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖