ភ្នំពេញ៖ បុរសម្នាក់ បើកម៉ូតូមួយគ្រឿង យ៉ាងលឿន ជ្រុលចង្កូតទៅបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉ក ដែលបើកបញ្ច្រាសទិសគ្នា បណ្តាលដួលរងរបួសធ្ងន់ ចំណែកម៉ូតូសណ្តោងរ៉ឺម៉ក បើករត់គេចខ្លួនបាត់ ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ១៧២ ខាងលិចស្ថានីយសាំងតេលា សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញ បុរសម្នាក់បើកម៉ូតូមួយគ្រឿង ម៉ាកហុងដាគុបជ្រុង ពណ៌ស្លែ ពាក់ស្លាកលេខ តាកែវ1A-1146 ធ្វើរដំណើរ តាមផ្លូវលេខ១៧២ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើត បានរេចង្កូតជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង មិនចាំស្លាកលេខដែលបើកបញ្ច្រាសទិសដៅគ្នា បណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់សន្លប់ រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះគ្លីនិកហុង ហាក់ដឹកយកទោសង្គ្រោះភ្លាមៗ ចំណែកម៉ូតូសណ្តោងរ៉ឺម៉ក មិនបានឈប់នៅនឹងកន្លែងហេតុនោះទេ បានបើករត់គេចខ្លួនបាត់។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះដែរ ក៏មានបុរសម្នាក់ មកកាន់ទូរសព្ទ័ និងកាបូបលុយ ដោយអះអាងថា ជាសាច់ញាតិជនរងគ្រោះ តែពេលមានសមត្ថកិច្ចមូលដ្ឋាន មកដល់កន្លែងកើតហេតុ បានប្រគល់កាបូបលុយ និងទូរសព្ទ័ទៅឲ្យសមត្ថកិច្ចវិញ ដោយមិនបានរៀបរាប់វែងឆ្ងាយទេ រួចគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
បន្ទាប់ពីកើតហេតុម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រងចាំសាច់ញាតិមកយកត្រឡប់ទៅផ្ទះវិញ ៕ ជ្រោយពេជ្រ