ព័ត៌មានទាន់ហេតុការណ៍៖

យុវជនពីរក្រុមចេញពីកន្លែងផឹកស៊ីនៅហាង អឹមដឺបេសហ្វូត​ បង្កជម្លោះដេញវាយគ្នា គប់គ្នា ពេញផ្លូវរបួសធ្ងន់ម្នាក់បង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់

ចែករំលែក៖

ខេត្តកណ្តាល: ក្រុមក្មេងស្ទាវពីរក្រុមបានផឹកស៊ី តុក្បែរគ្នា នៅក្នុងហាង អឹមដឺបេសហ្វូត ក្រោយសាលាសេរីភាពក្រុងតាខ្មៅ បន្ទាប់ពីផឹកស៊ីរួច ក្រុមទាំងពីរ បានទាស់ពាក្យសម្តី ឌឺដងគ្នា បានជិះម៉តូ បើកឡានចេញរៀងៗខ្លួន ។ បន្ទាប់មក ក្រុមទាំងពីរនោះ បានជិះម៉ូតូ បើកឡាន ដេញវាយគ្នា និងគប់គ្នាតាមផ្លូវបណ្តាលឲ្យយុវជនម្នាក់រងរបួសបែកក្បាលហូរឈាមស្រោចខ្លួន បង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់ រហូតដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍ទាន់ពេលវេលា ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមុខសាខាលក់ម៉ូតូហុងដា ស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

សាក្សីនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ឃើញយុវជនទាំងពីរក្រុមបានចូលផឹកស៊ី ស្តាប់ភ្លេងនៅក្នុងហាង អឹមដឺបេសហ្វូត អង្គុយតុជិតគ្នា ។ ស្រាប់តែមួយសន្ទុះក្រុមទាំងពីរបាននិយាយឌឺដងគ្នាទៅវិញទៅមក រហូតដល់ទាស់ពាក្យសម្តីគ្នា ។

លុះមួយសន្ទុះក្រុមទាំងពីរបានឲ្យគេគិតលុយ រួចធ្វើដំណើរចេញ មានជិះម៉ូតូ និងរថយន្ត ទាំងពីរក្រុម ជិត២០គ្រឿង បានជិះដេញវាយគ្នា និងគប់គ្នាប្រដាប់ដោយដាវ និងដុំថ្ម បណ្តាលឲ្យយុវជនម្នាក់រងរបួសបែកក្បាលឈាមហូរស្រោចខ្លួន បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ បង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់ ។ សមត្ថកិច្ចក្រុងតាខ្មៅ ចុះទៅកន្លែងកើតហេតុទាន់ពេលវេលា ធ្វើឲ្យក្រុមទាំងបំបែកហ្វូងគ្នាជិះម៉ូតូ បើករថយន្តរត់គេចខ្លួនបាត់អស់ ។

មជ្ឃដ្ឋានបានរិះគន់យ៉ាងខ្លាំងចំពោះទីតាំងកន្លែងផឹកស៊ី អឹមដឺបេសហ្វូត ក្រោយសាលាសេរីភាពក្រុងតាខ្មៅ តែងតែបង្កភាពអសន្តិសុខ ចាក់សម្លេងលឺៗ ពីព្រលប់ដល់កណ្តាលយប់ជ្រៅ និងប្រមូលផ្តុំទៅដោយក្រុមក្មេងស្ទាវ ក្រុមសង្គមងងឹត ចូលផឹកស៊ីបង្ករឿង វាយគប់គ្នា និងធ្វើសកម្មភាពផ្សេងៗដែលក្រុមក្មេងស្ទាវទាំងអស់នោះ ចេញពីទីតាំងកន្លែងផឹកស៊ីនោះ។ មិនតែប៉ុណ្ណោះទីតាំងខាងលើមិនដែលឃើញអាជ្ញាធរមកណែនាំទេ ឬក៏ម្ចាស់ទីតាំងខាងលើនោះមានតួនាទី និងខ្សែធំ ជាងអាជ្ញាធរមូលដ្ឋាន…? ៕


ចែករំលែក៖