ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ត្រី អធិការរងនគរបាលស្រុកក្រគរម្នាក់បានបាត់បង់ជីវិតដ៏រន្ធត់ និងជនប្រុស ស្រីចំនួន ៤នាក់ផ្សេងទៀត បានរងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ២លើក ត្រឹមរយៈពេលកន្លះម៉ោងប៉ុណ្ណោះ ។
លោក វរសេនីយ៍ឯក ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងដែរថា នៅវេលាម៉ោង៥ និង៤០នាទី ល្ងាច ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥១ និងលេខ១៥២ ស្ថិតក្នុងភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយអ្នកបើកបរម៉ូតូ ១គ្រឿងម៉ាក Wave ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1C 8963 ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងដៃ ក៏បានកៀរអ្នកជិះម៉ូតូ ១គ្រឿងម៉ាក HONDA សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1l 9775 ដែលកំពុងធ្វើចរាចរណ៍ស្របទិសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលរដូករណែលទាំងសង់ខាង ចំនួន ៤នាក់។
ប្រភពបន្តថា លុះនៅវេលាម៉ោង៦ និង១០នាទីល្ងាចថ្ងៃដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥ផងដែរ ត្រង់ចន្លោះ បង្គោលគីឡូម៉ែត្រលេខ១៦០.១៦១ ស្ថិតក្នុងភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយទៀតបានកើតឡើង បង្កឡើងដោយអ្នកបើកបររថយន្ត ១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A 2871 ឈ្មោះ សល់ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង (រត់គេចខ្លួន) ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានបុកអ្នកជិះម៉ូតូ ១គ្រឿងម៉ាក SmashRivo ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល 1.2438 ដែលកំពុងធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច (ច្រាសទិសគ្នា) បណ្ដាលឲ្យភាគីខាងម៉ូតូឈ្មោះ សាញ់ សាន់ ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល ឋានៈ វរសេនីយ៍ត្រី អធិការរងនគរបាលស្រុកក្រគរ បច្ចុប្បន្ន មានទីលំនៅភូមិក្រាំងវែង ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ អ្នកបើកបររថយន្តបង្កមិនឈប់ទេ បានបើករត់គេចចូលផ្លូវលំ រួចរត់ចូលព្រៃគេចខ្លួនបាត់ស្រមោល។
លោក អធិការបន្តទៀតថា ជនរងរបួសធ្ងន់ស្រាលបញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ចំណែកសាកសពធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណីដោយបានជ្រើមជ្រែងពីអង្កភាពផងដែរ ដោយឡែក៖ វត្ថុតាងម៉ូតូ និងរថយន្តទាំងពីករណីបានរក្សាទុក ជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកក្រគរ រង់ចាំវាស់វែង និងដោះស្រាយគ្នាជាកោយ ៕ ប៉ឹម ពិន