ព័ត៌មានទាន់ហេតុការណ៍៖

អស្ចារ្យយ៉ាង! អស់ពីខ្វល់រឿងបង្ហោះម៉ូតូផ្លូវសាធារណៈ មកខ្វល់រឿងបង្ហោះកាណូត​ផ្អើលអស់ហ្វូងមច្ឆបឹងទន្លេសាបវិញម្តង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប៉ូលិសពោធិ៍សាត់​ត្រូវគេមើលឃើញថា ពុំសូវជាកង្វល់ខ្វល់អារឿងបង្ហោះម៉ូតូ​តាមផ្លូវសាធារណៈអីនោះទៀតហើយ ប៉ុន្តែ​មកកង្វល់អំពល់ទុក​អារឿងបង្ហោះកាណូត ការបំពាក់ម៉ាស៊ីនកាណូត​លាន់សំឡេងឮខ្លាំងៗ ធ្វើឲ្យហ្វូងមច្ឆជាតិ​បឹងទន្លេសាប ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ជាក់ស្តែងក្រុមយុវជនស្ទាវៗ ឈាមដុំៗ ឈាមរាវៗ ខ្លះៗ បង្ហោះ​កាណូតលើផ្ទៃទឹក​ បង្ក​ផលប៉ះពាល់​សណ្តាប់ធ្នាប់ ​​ចំនួន​៧នាក់ ​រួម​នឹង​ម្ចាស់កា​ណូត ​ដែល​ប្រើប្រាស់​ម៉ាស៊ីន​ធំ​ខុស​លក្ខណៈ​បច្ចេកទេសចំនួន​៩​នាក់​ផ្សេង​ទៀត ​ត្រូវកម្លាំង​សមត្ថកិច្ច​មូលដ្ឋានចុះបង្ក្រាប យកមកអ​ប់​រំ ដោយ​តម្រូវឲ្យ​ដោះដូរ​ម៉ាស៊ីន​ចេញ ​និង​បញ្ឈប់​សកម្មភាព​បើក​កា​ណូត​បង្ហោះ​លើក​ក្រោយ​ទៀត​។

​ប្រតិ​បត្តិការនេះ ​​ធ្វើឡើង​​ថ្ងៃ​ទី​១៤ ខែ​កញ្ញា​ ឆ្នាំ​២០១៨ ​នៅលើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ​ក្នុង​ភូមិ​កំពង់​ថ្គោល ឃុំ​អន្សា​ចំបក់ ស្រុក​ក្រគរ​ ខេត្ត​ពោធិសាត់​។

លោក ឯម រុន​ អធិការនគរបាល​ស្រុក​ក្រគរ បាន​ប្រាប់ឲ្យដឹង​ថា ​សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយ​នគរ​បាល​ស្រុក នគរបាល​ប៉ុស្តិ៍ នគរបាល​ការិយាល័យ​ចរាចរណ៍​ជើងទឹក និង​អាជ្ញាធរ​ភូមិ​-ឃុំ​ បាន​ចុះ​ដល់ទីតាំងខាងលើ ​ជាមុខសញ្ញា​ដែល​តែងតែ​បើក​កា​រណូត​បង្ហោះ​ដោះ​បំពង់​ស៊ី​ម៉ាំង​ចេញ ប៉ះពាល់​សណ្តាប់ធ្នាប់ បង្ក​ការរំខានដល់​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋលើ​ផ្ទៃ​ទឹក​ ដោយ​ហៅ​មក​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​លើក​ទី​១ ​បើ​មាន​លើក​ក្រោយ​ទៀត នឹង​ត្រូវ​ដក​កា​ណូត​យកមក​ទុក​ជា​ការព្រមាន​។ ​ដោយឡែក ​ចំពោះ​ម្ចាស់កា​ណូត​ដែល​ប្រើប្រាស់​ម៉ាស៊ីន​ធំ​ចាប់ពី​បួន​ម៉ាស៊ីន​ឡើង​ទៅ ​គឺ​តម្រូវ​រុះរ៉ើ​កែសម្រួល​ដោយ​ខ្លួនឯង​ ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ធុន​តូច​វិញ​។​

លោក​ថា​ ធ្វើ​យ៉ាង​ដូច្ចេះ​ដើម្បី​ឲ្យ​សណ្តាប់ធ្នាប់​ល្អផង ​ការពា​រសុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​រស់នៅ​លើ​ផ្ទៃ​ទឹក​ផង ​ដែល​កន្លងមកមាន​បទល្មើស​លួច ប្លន់ ​សមត្ថកិច្ច​តាម​ជន​ប្រព្រឹត្ត​មិន​ដែ​ល​ទាន់​ដោយសារ​តែ​ពួក​នេះ ​ប្រើប្រាស់​កា​រណូត​បំពាក់​ដោយ​ម៉ាស៊ីន​ធុន​ធំៗ​ល្បឿន​លឿន​ជាង​សមត្ថកិច្ច​។​

​លោក​បញ្ជាក់ថា ប្រតិ​បត្តិការណ៍​នេះ ​គឺ​ធ្វើ​តែ​ចំពោះ​មុខសញ្ញា​ដែល​សមត្ថកិច្ច​កំណត់​ទៅ​តាម​ការណែនាំ​របស់​អភិបាល​ខេត្ត ក៏​ដូចជា​លោក​ស្នងការ​៕ ប៉ឺម ពិន


ចែករំលែក៖