ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដោយសារឥទ្ធិពលនៃគ្រឿងញៀន ដល់កម្រឹតបានគាំងបេះដូង ស្លាប់នៅតាមចិញ្ចើមផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ដោយសារឥទ្ធិពលនៃគ្រឿងញៀន ដល់កម្រឹត រហូតដល់ដេកដើរ ញ័រញ៉ាក់ ហើយបានគាំងបេះដូង ស្លាប់នៅតាមចិញ្ចើមផ្លូវ កាលពីម៉ោង៦ព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅផ្លូវលេខ១៥៤កែងផ្លូវលេខ៥១ មុខសាលារៀនវេស្ទឡាញ ភូមិ៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

បើតាមអ្នកដែលគេធ្លាប់ស្គាល់បុរសរូបនេះមានឈ្មោះ ពៅ អាយុជាង៤០ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ច្រើនតែដេកតាមសំយ៉ាបផ្ទះប្រជាពលរដ្ឋ តាមចិញ្ចើមផ្លូវ (ជាមនុស្សញៀនថ្នាំ) ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា គេឃើញបុរសដែលស្លាប់រូបនេះដើរមកស្នាក់នៅ ចំណុចកើតហេតុក្នុងស្ថានភាព មនុស្សញៀនថ្នាំ ញ័រ ញ៉ក់ ទទ្រើក លុះមកដល់ព្រឹកថ្ងៃកើតហេតុ ឃើញជនរងគ្រោះ មានថ្នាំញៀន ប្រភេទចាក់ កាន់នឹងដៃ ដេកននៀល រវើរវាយតែម្នាក់ឯង ទាំងព្រឹកព្រលឹមតែម្តង រហូតដល់ដេកស្លាប់ បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចចុះមកមើលពិនិត្យ ។

តាមសមត្ថកិច្ចជំនាញបានឲ្យថឹងថា ក្រោយចុះពិនិត្យ បានសន្និដ្ឋាន ជនរងគ្រោះបានស្លាប់ដោយគាំងបេះដូង បណ្តាលមកពីប្រើប្រាស់សារធាតុញៀនមេតំហ្វេតាមីន និងម៉កហ្វីន ហួសកម្រឹត ហើយក្រោយពិនិត្យរួច សមត្ថកិច្ចដឹកសពយកទៅតំកល់ទុកនៅវត្តទួលសង្កែ ដើម្បីស្វែងរកសាច់ញាតិ មកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ


ចែករំលែក៖