ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនជនក្លែងខ្លួនជាសមត្ថកិច្ចជំរិតទារប្រាក់ពីអ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀន

ចែករំលែក៖

ខេត្តកណ្ដាល៖ កាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា ២០១៨ លោក អុី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចេញដីកា ឃុំខ្លួនប៉េអឹមក្លែងក្លាយ ជម្រិតទារប្រាក់ពី ក្រុមគ្រឿងញៀន ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “កំរាមយកដោយស្ថានទម្ងន់ទោស ដោយសារការប្រើប្រាស់អាវុធ , បទ កាន់កាប់អាវុធដោយគ្មានលិខិតអនុញ្ញាត្ត និងបទ ប្រើប្រាស់នូវឯកសណ្ឋានជាអាទិ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា” ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥ និងប្រព្រឹត្តនៅចំណុចភ្នំឱត្តុង ខេត្តកំពង់ស្ពឺ កាលពីអំឡុងឆ្នាំ២០១៨ និងនៅចំណុចភូមិថ្មី ឃុំជ្រៃលាស់ ស្រុកពញ្ញាឭ ខេត្តកណ្តាល កាលពីថ្ងៃទី១៤ កញ្ញា ២០១៨ តាមបញ្ញាត្តិមាត្រា៣៦៣ មាត្រា៣៦៦ មាត្រា៤៩០ និងមាត្រា៦១៦ នៃក្រមព្រហ្មទណ្ឌ។

ជនត្រូវចោទមានឈ្មោះរស់ ចាន់រ៉ន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ មានទីលំនៅ ភូមិព្រែកផ្គាំ ឃុំព្រែកអន្ទះ ស្រុកពោធិរៀង ខេត្តព្រៃវែង ។ ជននេះ មិនមានក្របខណ្ឌ ជាប៉េអឹមទេ តែក្លែង ជាប៉េអឹម។

សូមបញ្ជាក់ថា បើតាមដើមបណ្ដឹងបានអោយដឹងថា ទី០១ឈ្មោះផាត់ សាម៉ុន ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល ទី០២ឈ្មោះហុិន យន ភេទស្រី អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងអណ្ដូង ឃុំទំនប់ស្រុកពញាឮ ខេត្តកណ្តាល និងជនរងគ្រោះ មុំ ល័ក្ខ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករដឹកអង្កាម ទីលំ នៅភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ព្រមទាំងជនរងគ្រោះ ឈ្មោះសាន់ ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះទីលំនៅភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។

លោកអធិការបានបញ្ជាក់ថា នៅវេលាម៉ោងកើតហេតុខាងលើ ដើមបណ្ដឹងខាងលើ កំពុងនៅផ្ទះរៀងខ្លួន ពេលនោះ មានជនសង្ស័យឈ្មោះ រស់ ចាន់រ៉ន បានជិះម៉ូតូម៉ាកC125ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ជិះពីក្រោយម៉ូតូជនរងគ្រោះ ឈ្មោះមុំ លក្ខ័ ភេទប្រុស និងឈ្មោះសាន់ ដារ៉ា ភេទប្រុស ជាកូនប្រុសរបស់ដើមបណ្ដឹងឈ្មោះផាត់ សាម៉ុន ហើយមានដៃជាប់ខ្នោះទាំង២នាក់ ពេលជិះមកដល់ផ្ទះជនរងគ្រោះភ្លាមជនសង្ស័យឈ្មោះរស់ ចាន់រ៉ន បាននិយាយទៅកាន់ដើមបណ្ដឹងថា កូនរបស់មីង មានថ្នាំ ញៀនជាប់នឹងខ្លួន ឥឡូវខ្ញុំចាប់បានហើយ តើមីងចង់សម្រួលនៅទីនេះ រឺក៏ចង់បញ្ជូនឡើងទៅលើ ។ បន្ទាប់មក ដើមបណ្ដឹងបាននិយាយថា មិនបាច់បញ្ជូនឡើងលើទេ សម្រួលនៅទីនេះហើយ ។ ពេលនោះជនសង្ស័យបាននិយាយទារប្រាក់ពីដើមបណ្ដឹងក្នុងមួយនាក់៥០០ដុល្លារ និងម៉ូតូ០១គ្រឿងចំនួន៥០០ដុល្លារ ដែរ សរុបទាំងមនុស្ស០២នាក់ និងម៉ូតូ០១គ្រឿងចំនួន១.៥០០ដុល្លារ ។

ពេលនោះ ជនរងគ្រោះក៏និយាយសុំសម្រួលជនសង្ស័យត្រឹមចំនួន ១.២០០ដុល្លារ ហើយជនសង្ស័យក៏យល់ព្រម បន្ទាប់មជនរងគ្រោះក៏យកម៉ូតូទៅដាក់បញ្ចាំគេ ដើម្បីយកលុយតែឆ្លៀតពេលនោះជនរងគ្រោះបានរាយការណ៍ប្តឹង មកសមត្ថកិច្ច ពីរឿងហេតុខាងលើ បន្ទាប់ពីទទួលបាន ព័ត៌មានភ្លាមកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍ជ្រៃលាស់ ចុះទៅកន្លែងកើតហេតុនាំខ្លួនជនសង្ស័យមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពញាឮ ។

តាមចម្លើយជនសង្ស័យបានសារភាពថានៅ ពេលកើតហេតុខាងលើខ្លួនបានទទួលព័ត៌មាន បានប្រាប់ថា មានក្មេង២នាក់ជិះម៉ូតូមកយកថ្នាំញៀននៅប្រឡាយហើយឥឡូវពួកវាជិះចេញទៅវិញហើយ បន្ទាប់មក ជនសង្ស័យក៏ជិះម៉ូតូដេញតាមពីក្រោយរហូតមកដល់ចំណុច កើតហេតុខាងលើ ក្មេងប្រុសទាំង២នាក់នោះ ក៏ឈប់ទិញទឹកអំពៅ ហើយជនសង្ស័យបានធ្វើសកម្មភាពដកកាំភ្លើងខ្លីពីចង្កេះភ្ជង់ ឆែកឆេរ លើខ្លួនក្មេងប្រុសនោះ ឃើញមានថ្នាំញៀន០១ កញ្ចប់តូច ហើយខ្លួន ក៏ចាប់ដាក់ខ្នោះក្មេងនោះដៃម្នាក់ម្ខាង រួចហើយឲ្យក្មេង នោះជិះម៉ូតូឌុបគ្នាមកផ្ទះម្តាយ ឯខ្លួនជិះម៉ូតូពីក្រោយ។ ពេលមកដល់ផ្ទះក្មេងនោះ ខ្លួនក៏បាននិយាយទារប្រាក់ពីដើមបណ្ដឹង ដូចបានរៀបរាប់ខាងលើប្រាកដមែន ៕ ឆ ដា


ចែករំលែក៖