ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេសកម្នាក់ ប្រើប្រាស់ថ្នាំញៀនលើសកម្រិគាំងបេះដូងស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់ ទាល់តែធុំក្លិនស្អុយទើបដឹង

ចែករំលែក៖

ភ្នំពេញ: ជនបរទេសកម្នាក់ ប្រើប្រាស់ថ្នាំញៀនលើសកម្រិតបណ្តាលឲ្យគាំងបេះដូងស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់ ទាល់តែធុំក្លិនស្អុយ ទើបមានគេដឹងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងជិត២រសៀល​ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់ យីហោ Jasmin .R.s បន្ទប់១០៥ ជាន់ទី២ ផ្ទះលេខ២៧ ផ្លូវ៨១ ភូមិ៧ ក្រុម៤៨ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនបរទេស ដែលស្លាប់ព្រោះតែការប្រើប្រាស់ថ្នាំញៀនបជ្រុលនោះឈ្មោះ Tom Stefan អាយុ៤៤ឆ្នាំ ជនជាតិ ប៊ែលហ្សីក មុខរបរ ទេសចរណ៍កាន់លិខិតឆ្លងដែនលេខEN291645 ។

តាមការបំភ្លឺពីឈ្មោះ MANPPEET SINGH ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឥណ្ឌា មុខរបរអ្នកមើលការខុសត្រូវផ្ទះសំ​ណាក់បានប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះបានមកជួលបន្ទប់ស្នាក់នៅតែម្នាក់ឯង លុះដល់ថ្ងៃទី១៦ ខែដដែល ដោយជនរងគ្រោះមិនទាន់បង់ថ្លៃបន្ទប់ គាត់ក៏ឡើងទៅគោះទ្វារហៅជនរងគ្រោះតែមិនមានការឆ្លើយតបហើយម្យ៉ាងវិញទៀតបន្ទប់នោះជាប់សោខាងក្នុងមិនមានការឆ្លើយតបនោះ ទើបរាយការណ៍សមត្ថកិច្ចមូលដ្ឋានចុះមកមើល ព្រមទាំងយកកូនសោទៅបើកបន្ទប់មើល ទើបឃើញជនរងគ្រោះរូបនោះអង្គុយស្លាប់ទ្រោបនិងគ្រែពូក ព្រមទាំងធុំក្លិនស្អុយទៅហើយ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា បន្ទាប់ពីកើតហេតុការណ៍ កម្លាំងជំ​នាញខណ្ឌ និងប៉ុស្តិ៍បានចុះមកដល់កន្លែងកើតហើតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា និ​ងការិយាល័យ បច្ចេកទេសវិទ្យាសាស្រ្តនិងការិល័យព្រហ្មទណ្ឌកំរិតធ្ងន់ ការិយាល័យអន្តោប្រវេសន៍ ដើម្បីបង្កើតគណៈកម្មាធិការធ្វើកោសល្យវិច្ច័យពិនិត្យសាកសព ។

ជាលទ្ធិផលតាមការពិនិត្យទឹកនោមការិយាល័យជំនាញបច្ចេកទេសបានបញ្ជាក់ថា​ សពបានប្រីប្រាស់សារធាតុញៀនប្រភេទ (ម៉កហ្វីន) បណ្តាលឲ្យគាំងបេះដូងស្លាប់ ។ ចំណែកនៅបន្ទប់កើតហេតុ មានបន្សល់ទុកថ្នាំ១កញ្ចប់តូច ទី១-លិខិតឆ្លងដែន១ក្បាល លេខ EN ២៩១៦៤៥ ទី២ កាតATMចំនួន០៣សន្លឹក ទី៣-កាបូបខោអាវ និងខោអាវមួយចំនួន ទី៤- កាបូបលុយ០១មានលុយខ្មែរ៤០០០រៀល ។

បន្ទាប់ពីពិនិត្យរួចកម្លាំងជំនាញបច្ចេកទេសបានយកសពទៅតម្តល់ទុកនៅមន្ទីរពេទ្យរុស្ស៊ី៕ ជ្រោយពេជ្រ


ចែករំលែក៖