ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ត្រីភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់

ចែករំលែក៖

ភ្នំពេញ៖​ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់ពីប្រទះឃើញបុរសម្នាក់បានស្លាប់ នៅក្នុងបឹងដោយសារឆក់ត្រី ហើយភ្លាត់ស្នៀតបណ្តាលឲ្យឆក់ខ្លួនឯង​ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចបឹងត្រាវ ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ(សព)មានឈ្មោះ ជួន លីហួត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅ ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

តាមសម្តីម្តាយជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុកូនរបស់គាត់ បានសុំទៅឆក់ត្រីនៅបឹងត្រាវជាកន្លែងកើតហេតុខាងលើ មួយសន្ទុះក្រោយមកស្រាប់តែមានប្រជាពលរដ្ឋម្នាក់ បានរត់មកប្រាប់គាត់ថា កូនរបស់គាត់បានឆក់ប្រដាប់ឆក់ត្រីនោះស្លាប់ហើយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សាច់ញាតិក៏ដូចប្រជាពលរដ្ឋនាំគ្នារត់ទៅមើលក៏ឃើញកូនគាត់ ដួលផ្កាប់មុខទៅនិងដី ដោយសារមិនអស់ចិត្តរូបគាត់បានហៅរថយន្តសង្រ្គោះដឹកទៅពេទ្យ ខណ:ដែលរថយន្តសង្រ្គោះមកដល់បានពិនិត្យឃើញថាកូនរបស់គាត់ បានបាត់បង់ជីវិតនៅកន្លែងកើតហេតុទៅហើយ។

ក្រោយកើតហេតុ សពត្រូវបានរថយន្តដឹកសពដឹកយកមកតម្កល់នៅទីស្នាក់ការភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖