ខេត្តស្វាយរៀង៖ យុវជនម្នាក់បានរងរបួសបែកឈាមពេញផ្ទៃមុខសន្លប់ស្ដូក នឹងកន្លែង ត្រូវបានអ្នកភូមិជួយសង្គ្រោះ ខណៈ ដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូល្បឿនលឿនរេចង្កូតដួលម្នាក់ឯង ទំនងជាស្រវឹងស្រាបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចភូមិសំរោង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាល្រុករមាសហែកបានប្រាប់កាសែតនគរវត្តឲ្យដឹងថា យុវជនរងគ្រោះមាន ឈ្មោះ គង់ ពលរត្ន័ អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិសំរោង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ខណៈជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី ២០១៨ ពណ៌ខ្មៅ អត់ស្លាកលេខ ខូចខាត យ៉ាងដំណំ ។
តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជនខាងលើ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ អត់ស្លាកលេខ ដោយធ្វើដំណើរពីជើងមកត្បូង ក្នុងល្បឿនលឿន ដោយទំនងស្រវឹងស្រា ណាមួយផ្លូវងងឹតផង ស្រាប់តែរេចង្កូតដួលច្រងាប់ច្រងឹលបោកក្បាល លើផ្លូវក្រួសក្រហមហូរឈាមពេញផ្ទៃមុខ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិចេញមកមើល ទើបស្គាល់ថា អ្នកភូមិរបងជាមួយស្រែកហៅគ្នីគ្នាជួយសង្គ្រោះតែម្ដង ។
បច្ចប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកមកកាន់មន្ទីរពេទ្យបង្អែកស្រុករមាសហែកភ្លាមៗផងដែរ ៕ យឹម សុថាន