ព័ត៌មានទាន់ហេតុការណ៍៖

ជ័យលាភីលេខ១ Miss Cambodia 2017 តំណាងកម្ពុជាទៅប្រជែងយកជ័យលាភី Miss universe 2018 នៅថៃ

ចែករំលែក៖

ភ្នំពេញ៖ ចុងឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍ប្រកួតសម្រស់ដ៏ល្បីល្បាញរបស់ពិភពលោកគឺការប្រកួតបវរកញ្ញាចក្រវាលពិភពលោកឆ្នាំ ២០១៨នឹងប្រារព្វធ្វើឡើងនៅព្រះរាជាណាចក្រថៃក្រោមវត្តមានកញ្ញាឯកកំពូលសម្រស់មកពីបណ្តាប្រទេសនានាពីជុំវិញពិភពលោក ។ ក្នុងនេះផងដែរ កញ្ញា រឿន ស៊ីណាត ដែលនឹងក្លាយជាកញ្ញាឯកតំណាងពីព្រះរាជាណាចក្រកម្ពុជា នឹងបង្ហាញវត្តមានលើវេទិកាដ៏សម្បើមនេះផងដែរ ។

កញ្ញា រឿន ស៊ីណាត កំពុងតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនជាច្រើន បន្ទាប់ពីកញ្ញា គ្រងបានតំណែងមួយនេះ ក្រោយពីនាងដណ្តើមបានជ័យលាភីលើការប្រកួតសម្រស់ក្នុងស្រុកកន្លងមក ហើយនាងក៏ ជាបេក្ខនារី ដែលមានសមត្ថភាព មានទំនុកចិត្តខ្ពស់ ជាពិសេសកញ្ញា បានឆ្លើយសំនួរបានយ៉ាងល្អដែលគេរំពឹងថានាងនឹងលើកមុខមាត់ ខ្លាំងជូនជាតិមាតុភូមិ ។

កម្មវិធីប្រកួតបវរកញ្ញាចក្រវាលឆ្នាំ ២០១៨ នឹងត្រូវប្រារព្វធ្វើឡើងនៅឯទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៨ ដោយធ្វើការចាក់ផ្សាយនៅលើប៉ុស្តិ៍ Fox ដែលត្រូវនឹងវេលាម៉ោងក្នុងស្រុក គឺម៉ោង ៧ ព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៨ ។ កញ្ញាឯកវ័យ ២១ឆ្នាំរូបនេះ បន្តថា កញ្ញាពិតជាសប្បាយរីករាយបំផុត និងនឹកស្មានមិនដល់ថា អាចគ្រងមកុដនេះ ។

កញ្ញា បាននិយាយថា៖ “នាងខ្ញុំមានក្តីរំភើបជាខ្លាំង ដោយសារតែនាងខ្ញុំបានខិតខំធ្វើការហ្វឹកហាត់ ហើយត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រកួតបវរកញ្ញាចក្រវាឡឆ្នាំ ២០១៨ នេះ ចាប់តាំងពីទទួលបានជ័យលាភីកញ្ញាឯកកម្ពុជាឆ្នាំ ២០១៧ មកម្ល៉េះ” ។

កញ្ញាលើកឡើងថា បេក្ខនារីដែលចូលរួមប្រកួតប្រជែង គឺសុទ្ធសឹងតែមានសម្រស់ស្រស់ស្អាត ព្រមទាំងមានសមត្ថភាព ដូចៗគ្នា ។ នាងរំពឹងថា ជយលាភីលេខ១ ពីកម្មវិធី Miss Cambodia 2017 ពេលនេះ អាចនឹងធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ខ្លួន ឈានឡើងមួយកម្រិតទៀត ដែលនឹងធ្វើឱ្យជីវភាពរបស់ខ្លួន មានកម្រិតប្រសើរជាងមុន។

គួរបញ្ជាក់ដែរថាកញ្ញា រឿន ស៊ីណាត បានក្លាយជាជ័យលាភីលេខ១ ក្នុងកម្មវីធី Miss Cambodia 2017 កាលពីពេលថ្មីៗ បន្ទាប់ពីយកឈ្នះបេក្ខនារី ១៩នាក់ផ្សេងទៀត។ កញ្ញានឹងតំណាងឱ្យកម្ពុជា ទៅប្រកួតប្រជែងកម្មវិធី Miss universe 2018 នាពេលឆាប់ៗខាងមុខ។ នាង ត្រៀមយករបាំបុរាណ និងក្បាច់គុនល្បុកតោ ទៅចូលរួមប្រឡងកម្មវិធីលំដាប់អន្តរជាតិមួយនេះ៕ វឌ្ឍនា


ចែករំលែក៖