ភ្នំពេញ៖ ជនសង្ស័យ៣នាក់ ម្នាក់ជាចោរជំនាញខាងជិះម៉ូតូឡាំប្រឺតាដើរលួចស្លាកលេខរថយន្ត និង២នាក់ទៀតជាអ្នកចាំទទួលទិញស្លាកលេខពីចោរ ត្រូវកម្លាំងនគបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ។
យោងតាមមន្រ្តីនគបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់នោះ៖ ទី១មានឈ្មោះទី១-ឈ្មោះ លី អ៊ីឆែ ហៅឆែ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ រត់ម៉ូតូរឺម៉កកង់បី PassApp ស្នាក់នៅមិនពិតប្រាកដ ឃាត់ខ្លួនបាននៅចំណុចផ្លូវលេខ១០៥ កែងផ្លូវលេខ៣៦៨ សង្កាត់បឹងកេងកង៣ខណ្ឌចំការមន (ជាអ្នកជំនាញខាងដើរលួច ស្លាកលេខរថយន្ត,) ,ទី២-ឈ្មោះ ចាន់ ណាវុឌ្ឍ ហៅមី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២G ផ្លូវលេខ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឃាត់នៅចំណុចផ្ទះសំណាក់ខ្លឹមច័ន្ទ ផ្លូវលេខ៤១៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន (ជាអ្នកទទួលផលចោរកម្ម), និងទី៣-ឈ្មោះ បូ វីរៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ សិស្សវិទ្យាល័យបាក់ទូក ស្នាក់នៅ ផ្ទះលេខ២០E០ ផ្លូវលេខ១៣៤ សង្កាត់វាលវង់ ខណ្ឌ៧មករា (ជាអ្នកទទួលផលចោរកម្ម) ឃាត់នៅចំណុច ផ្លូវលេខ៦៧ កែងផ្លូវឌឿងហែម សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។
មន្រ្តីដដែលបន្តទៀតថា សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លី អ៊ីឆែ ហៅឆែ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ពេលកំពុងធ្វើសកម្មភាពលួចដោះស្លាករថយន្ត ។ ហើយក្រោយពីទទួលបានចម្លើយសារភាព របស់ចោរជំនាញរូបនេះ ទើបសមត្ថកិច្ចបានបន្តការស្រាវជ្រាវ រហូតឈានទៅដល់ការចាប់ខ្លួនអ្នកទទួលទិញស្លាកលេខពីចោរ ចំនួន២នាក់បន្ថែមទៀតនិងដកហូតវត្ថុតាងជាក់ស្តែងផងដែរ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ដើម្បីដាក់ទោសតាមច្បាប់ ៕ ស តារា