ខេត្តកំពង់ធំ៖ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានបញ្ជាផ្ទាល់ ដល់កម្លាំងបរិស្ថាន ឲ្យសហការការជាមួយកម្លាំងមណ្ឌល៤ ចុះស្ទាក់ចាប់រទេះក្របីចំនួន ១១គ្រឿង ដែលកំពុងតែធ្វើសកម្មភាព លួចដឹកជញ្ជូនឈើដោយខុសច្បាប់ ទីតាំងរទេះក្របីដែលស្ថិតនៅអូរតាព្រហ្មកំពុងលើ ដែលមានលេខUTM543898 1406192 នៅក្រៅរបៀងជីវ:ចម្រុះ ព្រៃអង់តែន នៅវេលាម៉ោង ៩.៣០នាទីយប់ ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៨។
សកម្មភាពដឹកឈើហ៊ុប ត្រូវបានក្រុមប្រព្រឹត្តបទល្មើស កំពុងតែចម្លង ស្ថិតនៅចំនុចអូតាព្រំលើ ភូមិត្រពាំងឬស្សី ស្រុកស្ទុក ខេត្តកំពង់ធំ ត្រូវបានលោក អ៊ិត សុធា ព្រះរាជអាជ្ញា បញ្ជាឲ្យកម្លាំងសហការ ឃាត់រទេះទាំង នោះ តែក្រុមជនប្រព្រឹត្តបទល្មើសបែរជា នាំគ្នាកាត់ផ្តាច់ខ្សែរឹតឈើ ទម្លាក់ចោល ហើយបើករទេះរត់ តែក៏ត្រូវ បានកម្លាំងដេញតាម លុះទៅដល់ទីតាំង ក៏ប្រទះឃើញតែរទេះចំនួន១០គ្រឿង ចំនែកមនុស្ស និងក្របីត្រូវបានរត់គេចខ្លួនចូលព្រៃបាត់អស់ទៅ ។
លទ្ធផលដែលបង្រ្កាបបាន ក្នុងកិច្ចសហប្រតិបត្តិការនេះ សមត្ថកិច្ចទាំង២ ប្រភេទ បានរឹបអូសយកបានរទេះ ចំនួន១០គ្រឿង ឈើហ៊ុបចំនួន៨ ម៉ែត្រ២០ ហ៊ុប និងឈើហ៊ុបចំនួន៤ម៉ែត្រចំនួន១០កំណាត់ ត្រូវបានកម្លាំង បរិស្ថាននាំយកមកទុក នៅស្នាក់ការបរិស្ថាន ដើម្បីរក្សាទុក តាមការណែនាំរបស់ លោក តុប កក្ដដា ប្រធាន មន្ទីរបរិស្ថានខេត្តកំពង់ធំ ។
លោកអ៊ិត សុធា ព្រះរាជអាជ្ញា បានបញ្ជាក់ថា សកម្មភាពបង្រ្កាបបទល្មើសយប់មិញដោយសារតែ បានដឹងព័តមានពីល្ងាច ក៏បានរៀបចំកម្លាំង ចុះទៅឃាត់រទេះដឹកឈើ លុះពេលទៅដល់មានភ្លៀងធ្លាក់ខ្លាំង ផ្ទៃមេឃងងឹត ស្របពេលដែលកម្លាំងបរិស្ថានតិចមានតែ៤នាក់ ធ្វើឲ្យក្រុមប្រព្រឹត្តបទល្មើសមានឳកាស កាត់ផ្តាច់ទម្លាក់ឈើ ហើយបររទេះរត់ ចំពោះមុខសញ្ញាសមត្ថកិច្ចបានគឺត្រូវបានស្គាល់អត្តសញ្ញាណអស់ហើយ។
មហាជនជាច្រើន មានភាពគាំទ្រឲ្យសម្ថកិច្ចមាន ចំណាត់ការលើក្រុមបំផ្លាញ់ព្រៃឈើទាំងនេះ ដើម្បីថែរក្សាធនធានធម្មជាតិ ដោយសារក្នុងមួយថ្ងៃមានការដឹកជញ្ជូនឈើដោយខុសច្បាប់ កាប់រុករានព្រៃឈើហាមឃាត់ធ្វើឲ្យព្រៃអភិរក្សកំពុងតែប្រឈមនឹង ភាពរលាយហិនហោច នឹងសូមឲ្យសម្ថកិច្ចរឹតបន្តឹងច្បាប់ឲ្យបាន ក្នុងការចាត់វិធានការជាមួយក្រុមបំផ្លាញ់ព្រៃឈើទាំងនេះ ៕ សុខខេមរា