ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញាក់ផ្អើលនឹងស្នាដៃច្រៀងរួមគ្នាថ្មី របស់កែវ វាសនា និងសុខ ពិសី

ចែករំលែក៖

ភ្នំពេញ៖ ស្ងាត់បាត់មុខពីការងារសិល្បៈ ពិសេសចេញបទចម្រៀងថ្មី កែវ វាសនា បានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងក្រោយពីលោកលេចមុខនៅផលិតកម្មសាន់ដេជាថ្មី។ រហូតពេលនេះ ទើបដឹងថា កែវ វាសនា បានវិលរកទ្រនំចាស់ក្រោយចាកចេញពីផលិតកម្មថោន(Town)។

តារាចម្រៀង កែវ វាសនា បានធ្វើឲ្យអ្នកគាំទ្រ និងអ្នកសិល្បៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញMV ថ្មីលោក សម្ដែងរួមគ្នាជាមួយកញ្ញា សុខ ពិសី នៅផលិតកម្មសាន់ដេ ។

ការវិលរកទ្រនំចាស់នេះ លេចលឺល្ហៀងៗកន្លងមកអស់ជាងមួយខែមកហើយ ប៉ុន្តែទាំងតារាចម្រៀង និងផលិតកម្មព្យាយាមលាក់បាំង ព្រោះតែចង់ឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល គឺពិតជាភ្ញាក់ផ្អើលមែន ក្រោយពីបទចម្រៀង និងការសម្តែងរួមគ្នាក្នុងបទ មនុស្សប្រុសរឿងច្រើន ដែលជាសំនៀងរបស់ កញ្ញា សុខ ពិសីនោះ។

កែវ វាសនា បញ្ជាក់ថា មូលហេតុនៃការវិលចូលសាន់ដេវិញ ដោយសារតែលោកចង់បានបទពិសោធន៍ថ្មីបន្ថែមពីផលិតកម្មចាស់ ។ ម្យ៉ាងទៀត លោកបានផុតកុងត្រាជាមួយ ផលិតកម្មថោន ទើបសម្រេចដើរចេញតែម្ដង មិនមានរឿងអាក់អន់ចិត្ត ឬបញ្ហាអ្វីជាមួយគ្នាឡើយ ។

កែវ វាសនា ថា លោកបានចូលផលិតកម្មសាន់ដេ បាន១ខែហើយ អំឡុងពេលនេះ ផលិតកម្មខាងលើកំពុងតែត្រៀមបទថ្មីជាច្រើន សម្រាប់រូបលោកមានទាំងមនោសញ្ចេតនា និងញាក់កន្ត្រាក់អារម្មណ៍ ។

ការវិលមកចូលទ្រនំចាស់នេះ ម្ចាស់បទ “នឹកមនុស្សម្នាក់មិនបានស្រឡាញ់” សង្ឃឹមថា នឹងទទួលបានការគាំទ្រពីទស្សនិកជនដដែល ហើយលោកក៏មានអ្វីថ្មីប្លែកសម្រាប់ពុកម៉ែបងប្អូននៅពេលខាងមុខនេះ ។

ទោះជាយ៉ាងណាប្រភពក្រៅផ្លូវការបានបញ្ជាក់ថា កែវ វាសនា មិនមែន មិនអន់ចិត្តនឹងផលិតកម្មថោនទេ ខណៈដែលកន្លងមក ការចេញបទថ្មីរបស់លោក ហាក់មិនទាន់ នឹងការចង់បាន ទើបតារាប្រុស កូនពីររូបនេះ សម្រេចចិត្តចាកចេញ ស្របពេលដែលលោកនៅរក្សាទំនាក់ទំនងល្អជាមួយផលិតកម្មចាស់ទើបសម្រេចចិត្តវិលវិញតែម្តង ៕ វឌ្ឍនា


ចែករំលែក៖