ព័ត៌មានទាន់ហេតុការណ៍៖

កាកបាទក្រហមកម្ពុជាសហការជាមួយព្រូដិនសលអនុវត្តកម្មវិធីវិធានការសុវត្ថិភាពសង្រ្គោះបឋម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មូលនិធិព្រូដិនស៍ ដែលជាមូលនិធិអភិវឌ្ឍន៍សហគមន៍ប្រចាំតំបន់របស់សាជីវកម្មព្រូដិនសលអាស៊ីបានសហការជាមួយកាកបាទក្រហមកម្ពុជារៀបចំ “ទិវាពិភពលោកសង្រ្គោះបឋម” ក្នុងឃុំស្រង់ស្រុកគងពិសីខេត្តកំពង់ស្ពឺមានអ្នកចូលរួមសរុប៣៥០នាក់ ។ ក្នុងពេលជាមួយគ្នានេះមូលនិធិព្រូដិនស៍ ដែលជាមូលនិធិអភិវឌ្ឍន៍សហគមន៍ប្រចាំតំបន់របស់សាជីវកម្មព្រូដិនសលអាស៊ីបានសម្ពោធកម្មវិធីវិធានការសុវត្ថិភាពសង្គ្រោះបឋមក្នុងប្រទេសកម្ពុជាដោយមានការគាំទ្រពីកាកបាទក្រហមកម្ពុជាក្នុងគោលបំណងជួយសង្រ្គោះជីវិត និងកាត់បន្ថយហានិភ័យគ្រោះអាសន្នក្នុងសហគមន៍ ។

ក្នុងពិធីនេះក្រុមការងារស្ម័គ្រចិត្តរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជាបានចែកផ្ទាំងរូបភាព និងខិត្តបណ្ណចំនួន៦០០សន្លឹកដល់អ្នកចូលរួម ដែលជាយុវជនអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាសិស្សានុសិស្សអាជ្ញាធរដែនដីប្រជាការពារ និងប្រជាជនក្នុងសហគមន៍ដើម្បីផ្តល់នូវចំណេះដឹងមូលដ្ឋានវិជ្ជាសង្រ្គោះបឋមសម្រាប់ជួយខ្លួនឯងផ្ទាល់សមាជិកក្នុងក្រុមគ្រួសារ និងសហគមន៍ក្នុងពេលមានគ្រោះថ្នាក់កើតឡើងមុនពេលរថយន្តសង្រ្គោះបន្ទាន់មកដល់ ឬមុនបញ្ជូនទៅមន្ទីរពេទ្យ ។

លោក ទូច ថាវរិទ្ធ ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍ និងយុទ្ធសាស្ត្រដៃគូចែកចាយរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជាបានឲ្យដឹងថា ព័ត៌មានទាក់ទងនឹងការសង្គ្រោះបឋមនឹងត្រូវបានផ្សព្វផ្សាយទូទាំងប្រទេសកម្ពុជាតាមរយៈបណ្តាញព័ត៌មានសង្គមក្នុងព្រឹត្ដិការណ៍នានា និងកម្មវិធីទូរទស្សន៍ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរមានជំនាញផ្នែកសង្គ្រោះបឋមនេះ ។ លោក ថាវរិទ្ធ បានមានប្រសាសន៍បន្ថែមថា៖ “កម្មវិធីជំហានសុវត្ថិភាពសង្គ្រោះបឋមគឺបង្កើតឡើងដើម្បីផ្ដល់ចំណេះដឹងមូលដ្ឋានអំពីការសង្គ្រោះបឋមដល់សាធារណជនដើម្បីឲ្យពួកគាត់មានសមត្ថភាពកាត់បន្ថយភាពងាយរងគ្រោះក្នុងពេលមានគ្រោះអាសន្ន និងអាចត្រៀមលក្ខណៈសង្គ្រោះជីវិតក្នុងករណីអាសន្នកើតឡើង ” ។

នៅជុំវិញពិភពលោកមានមនុស្សជិត១៦,០០០នាក់ស្លាប់ដោយសារការរងរបួសជារៀងរាល់ថ្ងៃខណៈ ដែលជនរងគ្រោះរាប់ពាន់នាក់ផ្សេងទៀតគេចផុតពីការស្លាប់ប៉ុន្តែមានមនុស្សជាច្រើនបានបាត់បង់សមត្ថភាពជាអចិន្ត្រៃយ៍ក្រោយពេលរងផលប៉ះពាល់ពីរបួសនោះរួចមក ។ ដើម្បីជួយដោះស្រាយបញ្ហានេះមូលនិធិព្រូដិនស៍តាមរយៈការគាំទ្រពេញទំហឹងពីក្រុមហ៊ុនព្រូដិនសលកម្ពុជាមានបំណងផ្ដល់ជំនាញសង្គ្រោះជីវិតដល់ប្រជាពលរដ្ឋខ្មែរដោយផ្ដល់លទ្ធភាពឲ្យពួកគាត់អាចជួយដល់ក្រុមគ្រួសារមិត្តភកិ្ត ឬសហគមន៍របស់ពួកគេក្នុងគ្រាអាសន្ន ដែលអាចកើតមាន ។

នៅក្នុងទិវាសង្គ្រោះបឋមពិភពលោកនោះដែរកាកបាទក្រហមកម្ពុជាបានបង្ហាញពីជំនាញសង្គ្រោះបឋមចំនួន៣យ៉ាង និងវិធីសាស្ត្រសង្គ្រោះតាមជំហាននីមួយៗ ។ អ្នកចូលរួមបានរៀនសូត្រពីរបៀបអនុវត្ដវិធីសាស្រ្តសង្គ្រោះបឋមចំពោះជនរងគ្រោះ ដែលរងរបួសពីការបាក់ឆ្អឹងរបួសដាច់សាច់ និងការរលាក ។

លោកស្រី សៅ ស៊ីវន អ្នកស្ម័គ្រចិត្តរបស់កាកបាទក្រហមកម្ពុជា ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នោះដែរបានមានប្រសាសន៍ថា៖ “កម្មវិធីសង្គ្រោះបឋមនេះគឺជាគំនិតផ្ដួចផ្ដើមមួយយ៉ាងល្អដោយសារកម្មវិធីនេះផ្ដល់គន្លឹះក្នុងការសង្គ្រោះជីវិតដើម្បីជួយឲ្យប្រជាពលរដ្ឋចេះគ្រប់គ្រងក្នុងស្ថានភាពអាសន្នរួមមានការជួយជនរងគ្រោះ ដែលរបួសមុននឹងបញ្ជូនទៅមន្ទីរពេទ្យ ។ ជាមួយនឹងខិតប័ណ្ណសង្គ្រោះបឋម ដែលចែកជូនដោយក្រុមហ៊ុនព្រូដិនសលកម្ពុជាខ្ញុំជឿថាប្រជាពលរដ្ឋកាន់តែច្រើននៅទូទាំងប្រទេសនឹងយល់ដឹងបានច្រើនអំពីវិធីសង្គ្រោះបឋម និងការត្រៀមលក្ខណៈក្នុងគ្រាអាសន្នដូច្នេះសហគមន៍របស់យើងកាន់តែមានសុវត្ថិភាព និងសុខសាន្តជាងមុន ។ ”

គួរបញ្ជាក់ដែរថាក្រុមហ៊ុនព្រូដិនសលកម្ពុជាមានមោទនភាពក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានាដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជារួមមានការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកតាមរយៈកម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងកម្មវិធីវិធានការសុវត្ថិភាពគ្រោះមហន្តរាយធម្មជាតិជាដើម ។ កម្មវិធីវិធានការសុវត្ថិភាពគឺជាផ្នែកមួយ នៃការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនព្រូដិនសលនៅក្នុងវិស័យអប់រំនៅទូទាំងប្រទេសកម្ពុជា ដែលក្នុងនោះរួមមានកម្មវិធីអំណានដំបូងកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុ និងកម្មវិធីតន្ត្រី៕ វឌ្ឍនា


ចែករំលែក៖