ភ្នំពេញ ៖ ស្ត្រីម្នាក់ដែលជិះម៉ូតូឥណ្ឌាបានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ក្រោយពីជួបករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តឡិចស៊ីសGS300 បុកជាមួយម៉ូតូឥណ្ឌាពីក្រោយពេញទំហឹង ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុនោះគឺ គេឃើញភាគីខាងម៉ូតូឥណ្ឌា បានធ្វើដំណើរតាមបណ្ដាយផ្លូវម៉ៅសេទុង ទិសដៅពីលិចទៅកើត និងបានដឹកស្ត្រីម្នាក់ជាភ្ញៀវរួមដំណើរជាមួយ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស GS300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AV-4744 បានធ្វើដំណើរតាមក្រោយយ៉ាងលឿន ហើយក៏ជ្រុលទៅបុកម៉ូតូឥណ្ឌាពីក្រោយពេញទំហឹង បណ្ដាលឲ្យម៉ូតូឥណ្ឌាទៅបុកស្លាកបង្ហាញចរាចរណ៍វៀចមួយដើម ព្រមទាំងបណ្ដាលឲ្យស្ត្រីដែលជាភ្ញៀវរងរបួសធ្ងន់ ។
ក្រោយកើតហេតុភ្លាមៗ ស្ត្រីម្នាក់ដែលជាអ្នកដំណើរម៉ូតូឥណ្ឌារងរបួសធ្ងន់ ត្រូវបានរថយន្តសង្ក្រោះបន្ទាន់របស់មន្ទីរពេទ្យសុខលាភមេត្រី ដឹកយកទៅមន្ទីពេទ្យដើម្បីជួយសង្គ្រោះ ។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរណ៍ឲ្យចុះមកវាស់វែងយករថយន្តបង្ក និងម៉ូតូឥណ្ឌា ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕ ភារ៉ា ដង្កោ