ប្រទេសថៃ៖ បើយោងតាមកាសែតថៃឲ្យដឹងថា កម្មករខ្មែរចំនួន ៧ នាក់ ដែលរស់នៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប រងការចាប់ខ្លួនឆ្លងដែនចូលទឹកដីថៃកាប់ និងជញ្ជូនឈើគ្រញូងខុសច្បាប់ចំនួន៥០ដុំ ត្រូវបានកម្លាំងសមត្ថកិច្ចព្រៃឈើថៃកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់នោះហើយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ។
កម្មករខ្មែរទាំង៧នាក់បានរងការចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីចូលទៅកាប់ឈើគ្រញូងនៅក្នុងឧទ្យានជាតិ តំបន់អភិរក្សព្រៃឈើ ( ថាប់ឡានទី៣ ) ស្ថិតក្នុងឃុំគោកក្រៈឆាយ ស្រុកខនបុរី ខេត្តនគរាជសីមា ប្រទេសថៃ ។
កាសែតថៃឲ្យដឹងទៀតថាកម្មករខ្មែរ ៧ នាក់នោះរស់នៅខេត្តបន្ទាយមានជ័យចំនួន៥នាក់ និងនៅខេត្តសៀមរាបចំនួន២នាក់ ។ ១. ធី ចន្ថា ភេទប្រុស អាយុ២៤ឆ្នាំ ២. ថន ថេ ភេទប្រុស អាយុ២៨ឆ្នាំ ៣. ដេត ថៃ ភេទប្រុស អាយុ៣២ឆ្នាំ អ្នកទាំង៣ រស់នៅភូមិចំបក់ឃុំបឹងបេង ស្រុនម៉ាឡៃ ខេត្តបន្ទាយមានជ័យ ៤. សែ តេង ភេទប្រុស អាយុ៣២ឆ្នាំរស់នៅភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ៥. រ៉េត ធី ភេទប្រុស អាយុ២០ ឆ្នាំ៦. សុខ រៀង ភេទប្រុស អាយុ៣៥ឆ្នាំ និង ៧ ឈ្មោះ ប៊ិន ឈួត ភេទប្រុស អាយុ៣៣ឆ្នាំអ្នកទាំង៣ រស់នៅ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ។
សូមបញ្ជាក់ថាពាក់ព័ន្ធ និងករណីកម្មករខ្មែរឆ្លងដែនខុសច្បាប់ចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃទាំងប្រថុយប្រឋានសេចក្តីរាយការណ៍ឲ្យដឹងថាកន្លងមកមានកម្មករខ្មែរមួយចំនួនបានរងការបាញ់សម្លាប់ និងចាប់ដាក់គុកពីសំណាក់ទាហានថៃជាបន្តបន្ទាប់ ។
កម្មករខ្មែរចូលកាប់ឈើគ្រញូងទាំងនោះ ត្រូវបានឈ្មួញខ្មែរធ្វើជំនួញឈើគ្រញូងជួលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃយ៉ាងហោចណាស់១ក្រុម ចាប់ពី៥០នាក់ទៅ១០០នាក់ ដែលគេសង្ស័យថាសមត្ថកិច្ចកម្ពុជា និងថៃនៅតាមបន្ទាត់ព្រំដែនអាច និងមានការឃុបឃិតអនុញ្ញាតឲ្យកម្មករខ្មែរទាំងនោះចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃជាថ្នូរ និងការទទួលបានផលប្រយោជន៍ពីឈ្មួញជំនួញឈើគ្រញូង ៕ សំ វិច្ឆិកា