ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនម្ចាស់កង់បីម្នាក់ក្រោយពីជម្លោះពាក្យសំដីប្រើហិង្សាបោកទូរសព្ទ័របស់អ្នកដទៃ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចក្រុងបាវិតឃាត់ខ្លួនមកសាកសួរ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីហាងម៉ាស្សា យីហោ រីលែក្សថា បានប្រើហិង្សាដោយចេតនា បោកទូរស័ព្ទបណ្ដាលឲ្យខូចខាតរបស់អ្នកដទៃ ។

ការប្រើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំច សំរិទ្ធស័ក ព. ស. ២៥៦២ ត្រូវ នឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នូងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតបានឲ្យដឹងថា បុរសសង្ស័យដែលឃាត់ខ្លួនមាន ឈ្មោះ ជា សុខុម អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅភូមិព្រៃតាយឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ ចំណែកម្ចាស់ទូរស័ព្ទមាន ឈ្មោះ លឹម លីហួ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ចំពោះទូរស័ព្ទដែលរងការខូចខាតម៉ាក OPPOR 11 ពណ៌ក្រហម ។

ប្រភពបន្តថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីហាងម៉ាស្សា រីលែក្ស ស្ថិតក្នូងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានករណីហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ទើបសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗ និងបានឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ជា សុខុម មកសាកសួរ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីកសាងសំណុំរឿង បញ្ជួនទៅការិល័យជំនាញនគរបាលខេត្តស្វាយរៀងចាត់ការបន្តតាមច្បាប់ ៕ យឹមសុថាន


ចែករំលែក៖