ខេត្តឧត្តរមានជ័យ ៖ កាលពីវេលាម៉ោង១៨ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ផែននគរបាលព្រហ្មទណ្ឌបានទទួលបណ្តឹងតាមទូរស័ព្ទ ពីប្រជាពរដ្ឋ ឈ្មោះ ជា សុខា ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង បានប្តឹងរាយការណ៍ថា មានជនសង្ស័យម្នាក់ បានខ្ចីរថយន្តរបស់ខ្លួន ម៉ាក Brand ពាក់ស្លាកលេខ ភ្នំពេញ 2D.2768 ពណ៌ បៃតងចាស់ ដោយខ្ចីជិះមួយភ្លែត កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ក៏បាត់រហូត ។
បន្ទាប់ទទួលបានព័ត៌មាន ជំនាញបានចាត់ឲ្យលោកអធិការក្រុងស្រុកស្រាវជ្រាវរក លុះម៉ោង៧, ០០នាទីព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចបានរកឃើញរថយន្តខាងលើ ដោយត្រូវបានជនសង្ស័យយកទៅបញ្ចាំនៅភូមិសាស្ត្រ ស្រុកអន្លង់វែង ។
បច្ចុប្បន្នរថយន្តនេះត្រូវសមត្ថកិច្ចដកហូតបណ្តោះអាសន្ន និងសុំដីកាបញ្ជាឲ្យចូលខ្លួនពីព្រះរាជអាជ្ញា ស្វែងរកឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធី ៕ ប៉ែន នួន