ខេត្តកំពង់ចាម ៖ លោក សួន សំណាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ផន សុខណេង ភេទស្រី ពាក់ព័ន្ធករណីនាំនារីខ្មែរទៅលក់ឲ្យបុរសជនជាតិចិននៅប្រទេសចិនធ្វើជាប្រពន្ធ បន្ទាប់ពីកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចំការលើបង្ក្រាប និងឃាត់ខ្លួនកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ហើយបញ្ជូនមកកាន់តុលាការចាត់ការតាមនីតិវិធី ។
តាមរយៈដីកាបង្គាប់ឲ្យឃុំខ្លួនលេខ៥១៣ទ.ព្រ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ចេញដោយលោក សួន សំណាង ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាម ពីបទនាំយកចេញដោយមិនស្របច្បាប់ដោយមានគោលដៅ ប្រព្រឹត្តនៅភូមិប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីអំឡុងខែកុម្ភៈ និង ខែមីនា ឆ្នាំ២០១៨។
ជនជាប់ចោទឲ្យឈ្មោះ ផន សុខណេង ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ នៅភូមិប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចំការលើ បានចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនលេខៈ ១៦៤០ ព.ស និង លេខៈ ១៦៤២ ព.ស ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ របស់អយ្យការ អមសាលាដំបូងខេត្តកំពង់ចាម បញ្ជាឲ្យឈ្មោះ ផន សុខណេង ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ នៅភូមិប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរបំភ្លឺ ពាក់ព័ន្ធករណីនាំនារីខ្មែរទៅលក់ឲ្យបុរសជនជាតិចិននៅប្រទេសចិនធ្វើជាប្រពន្ធ។ ក្រោយពីសាកសួររួច សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ផន សុខណេង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្តកំពង់ចាម ចាត់ការតាមនីតិវិធី។
បច្ចុប្បន្ន ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ តាមបញ្ញត្តិច្បាប់ មាត្រា១០ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ៕ វណ្ណៈ