ភ្នំពេញ៖ មនុស្ស៣នាក់បានរងរបួសធ្ងន់ស្រាល ខណៈជួបគ្រោះថ្នាក់ចរាចររវាងម៉ូតូបុកនឹងម៉ូតូ ។ កាលពីម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ មុខស្ថានីយសាំងតេលា តាមបណ្តាលផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានសិស្សសាលាប្រុសស្រី២នាក់ បងប្អូន បានបើកម៉ូតូ១គ្រឿង ម៉ាកស្គូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BP.3662 ជិះឌុបគ្នាក្នុងទិសដៅពីលិចទៅកើត ចំណែកភាគីម្ខាងទៀត ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគីរី 1C.1146 ជិះម្នាក់ឯង ក្នុងទិសដៅពីកើតទៅលិចបញ្ច្រាសគ្នា លុះមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូទាំងពីរគ្រឿងបានបុកគ្នាបណ្តាលឲ្យបុរសម្នាក់ ដែលគេដឹងថា គាត់ជាអ្នកប្រកបរបរត់ម៉ូតូឌុបនោះ រងរបួសបាក់កជើងខាងឆ្វេង ចំណែកប្អូនប្រុសស្រី២នាក់ទៀតរងរបួសស្រាល ។
ក្រោយកើតហេតុ អ្នករងរបួសធ្ងន់ ត្រូវបានរថយន្តដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកប្អូនប្រុសស្រីទាំង២នាក់ ដែលរងរបួសស្រាល ក៏ទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ ។ ចំណែកម៉ូតូទាំង២គ្រឿង សមត្ថកិច្ចនគរបាលចរាចរមកវាស់វែង និងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ តុងសីហា