ភ្នំពេញ៖ ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាចោរកាច់.កម៉ូតូ ត្រូបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានដាក់គោលដៅត្រួតពិនិត្យ និង រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បានឃាត់ខ្លួនឆែកឆេររកឃើញសោខ្សៀរលេខ៨ និង ដែកសំប៉ែតចុងស្រួចកែច្នៃមួយឈុត សម្រាបធ្វើសកម្មភាពកាច់.កម៉ូតូ ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០ និង២៥នាទីព្រឹកថ្ងៃចន្ទ ១៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ផ្លូវម៉ៅសេទុង ក្រុមទី៥០ ភូមិ៨ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
មន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យ២នាក់នេះត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទប៉ុនប៉ងលួច (ប៉ុនប៉ងលួចម៉ូតូ) ដោយទី១.ឈ្មោះ សែម សារឿន ហៅរឿន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅចល័តក្នុងផ្សារនាគមាស (ដេកតាមស្តង់ផ្លែឈើ) សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ (មានដែកសម្រាប់កាច់សោ.កម៉ូតូនៅក្នុងខ្លួន) និងធ្លាប់ជាប់ពន្ធនាគារ ម១ ព្រៃ ស ក្នុងឆ្នាំ២០១៤ រយ:ពេល០៦ ខែ ពីបទលួច(លួចកង់) ហើយធ្វើតេស្តិ៍ទឹកនោម មានសារធាតុញៀន ។ ទី២.ឈ្មោះ ផល សារ៉ុម ហៅខ្នុយ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៧២ ផ្លូវលំ ក្រុមទី២ សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ (អ្នកបើកម៉ូតូ) ធ្វើតេស្តិ៍ទឹកនោម មានសារធាតុញៀន ។ ចំណែកវត្តុតាងចាប់យកពីជនសង្ស័យមាន៖ សោខ្សៀរលេខ៨ចំនួន០១ និង ដែកសំប៉ែតចុងស្រួចកែច្នៃចំនួន១ (ដកពីជនសង្ស័យឈ្មោះ សែមសារឿន ), ម៉ូតូចំនួន១គ្រឿង ម៉ាក Honda S.L ពណ៌ទឹកប្រាក់ ពាក់ស្កាកលេខ ភ្នំពេញ 1BG-7946 (ដកពីជនសង្ស័យឈ្មោះ ផល សារ៉ុម) ,ទូរសព្ទចំនួន៣គ្រឿង ( ម៉ាកOppo) ពណ៌មាស បែកកញ្ចក់មុខ ចំនួន១គ្រឿង, ម៉ាក MGT ពណ៌ផ្កាឈូក ចំនួន១គ្រឿងបែកកញ្ចក់មុខ និងម៉ាកNokia អិនចុចពិលពណ៌ស ចំនួន១គ្រឿង ) ។
បច្ចុប្បន្ន ជនសង្ស័យឈ្មោះ សែម សារឿន និងឈ្មោះផល សារ៉ុម ហៅខ្នុយ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ ស តារា