ព័ត៌មានទាន់ហេតុការណ៍៖

ឧកញ៉ា ឡុង ហ៊ួរ យកដងអំបោសវាយសន្តិសុខបែកក្បាលដេរ៥ថ្នេរ ថែមទាំងគំរាមបាញ់ចោលទៀត

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់ពីបុរសជាសន្តិសុខម្នាក់ បានធ្វើដំណើរមកកាន់ប៉ុស្តិ៍នគរបាលកាកាប១ ទាំងក្បាលមានរបួស ដើម្បីសុំដាក់ពាក្យបណ្តឹងឲ្យនគរបាលអន្តរាគមន៍ ខណៈលោកឧញ៉ាម្នាក់ ឈ្មោះ ឡុង ហ៊ួរ បានយកដងអំបោសវាយចំក្បាលបណ្តាលឲ្យរងរបួសបែកក្បាលដេរ៥ថ្នេរ ហើយថែមទាំងត្រូវបានអង្គរក្ស គំរាមយកកាំភ្លើងបាញ់សម្លាប់ទៀត ។

ហេតុការណ៍នេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៣០នាទីយប់​ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសរងគ្រោះឈ្មោះ ព្រុំ សារ៉េត អាយុ៤៣ឆ្នាំ មុខរបរសន្តិសុខរបស់ក្រុមហ៊ុន បេះសូវីស យាមនៅផ្ទះឧកញ៉ា ឡុង ហ៊ួ ស្នាក់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកឯជនបង្កជាឧកញ៉ាឈ្មោះ ឡុង ហ៊ួ មានលំនៅដ្ឋាននៅង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសរងគ្រោះបាននិយាយថា​ នៅមុនកើតហេតុ ខណៈគាត់អង្គុយយាមកាមនៅក្នុងផ្ទះរបស់លោកឧញ៉ា​ ដោយសារអស់កម្លាំងពេក ក៏បានដេកលក់មួយភាំង ។ លុះមកដល់វេលាម៉ោង១០យប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ស្រាប់តែលោកឧកញ៉ា ឡុង ហ៊ួរ រូបនោះបានយកដងអំបោសមកសំពងក្បាលរបស់រូបគាត់ ត្រូវចំនួន៣អំបោស បណ្តាលឲ្យគាត់រងរបួសបែកហូរឈាមស្រោចពេញខ្លួន ។

ជនរងគ្រោះ បានបន្តទៀតថា ក្រោយមក ក៏មានអង្គរក្សម្នាក់របស់លោកឧកញ៉ានោះ បានស្រែកគំរាមថា ចេញឲ្យឆ្ងាយទៅ ប្រយ័ត្នគេចូលទៅក្នុង ចេញមកវិញយកកាំភ្លើងមកបាញ់ រួចគាត់ ក៏បានលឺដូចនេះ ក៏បានរត់គេចចេញ និងមកសុំការជួយអន្តរាគមន៍ពីនគរបាលប៉ុស្តិ៍កាកាកាបទី១ តែពុំមានកម្លាំងនៅប្រចាំការនៅប៉ុស្តិ៍សោះ ទើបរូបគាត់ត្រឡប់ទៅផ្ទះវិញសិន ។

ជនរងគ្រោះបានបន្តទៀតថា លុះស្អែកឡើងវេលាថ្ងៃត្រង់ ទើបរូបគាត់បានធ្វើដំណើរមកប៉ុស្តិ៍នគរបាលកាកាប១ ដាក់ពាក្យបណ្តឹងម្តងទៀតដើ ម្បីឲ្យនគរបាលអន្តរាគមន៍ និងរកយុត្តិធម៌ជូនគាត់ ។

ក្រោយពេល ដែលសន្តិសុខរូបនេះបានដាក់ពាក្យបណ្តឹងរួចហើយនោះ គាត់ក៏បាបត្រឡប់ទៅផ្ទះវិញ រួច ក៏ស្ងាត់ឈឹងតែម្តង ។ ចាំមើលតើ នគរបាល នឹងមានវិធានការយ៉ាងណាចំពោះករណីខាងលើនេះ? ៕ សុខាសែនជ័យ


ចែករំលែក៖