ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋចំនួន៥គ្រួសារ នៅភូមិទួលសង្កែ ឃុំបល្ល័ង្ក ស្រុកបារាយ ខេត្តកំពង់ធំ បានអំពាវនាវ ឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ជួយរកដំណោះស្រាយលើករណីដែលអ្នកទិញដីថ្មី បាន និងកំពុងបុកគ្រឹះ ធ្វើរបងថ្ម បិទផ្លូវ ច្រកចេញ ចូល របស់ពួកគាត់ ដែលធ្លាប់បានធ្វើដំណើរ ជាង១០ឆ្នាំមកហើយនោះ ។
លោក គង់ ស៊ីថា តំណាងខាងភាគីប្រជាពលរដ្ឋរងគ្រោះបានអះអាងថា ក្រុមគ្រួសារទាំង៥នេះ បានមករស់នៅក្នុងតំបន់នេះ ជាង១០ឆ្នាំមកហើយ ទើបតែមកដល់ខែកញ្ញា ឆ្នាំ២០១៨ មានឈ្មោះ ហ៊ា ម៉ុង បានមកទិញដីពីឈ្មោះ គុយ មាន (ក្នុងតម្លៃជាង៣០.០០០ដុល្លា)ហើយ ក៏កំពុងរៀបចំ បុកគ្រឹះធ្វើរបងថ្ម ដែលជាចំណុចប៉ះពាល់ និងបាត់ផ្លូវចាស់ ដែលបានធ្វើដំណើរស្ទើរពាក់កណ្តាលជីវិតហើយនោះ ទោះបីជាពួកគាត់បានហាមឃាត់យ៉ាងណា ក៏ដោយ នៅតែមិនព្រមស្តាប់ទាំងអស់ ។ គួររំលឹកថា ដីចំណុចដែលកំពុងតែមានការប្តឹងផ្តល់គ្នា ជាមួយម្ចាស់ដីមុន ឈ្មោះ គុយ មាន មិនទាន់ចប់នៅឡើយ បែរជាមានឈ្មោះ គុយ មាន នេះបានលួចលក់ទៅឲ្យឈ្មោះ ហ៊ា ម៉ុង នៅដើមឆ្នាំ២០១៨ ហើយ ក៏ចាប់ផ្តើមបុកគ្រឹះធ្វើរបងថ្ម ដោយស្ងាត់ៗ ។
ឆ្លើយតបភ្លាមៗនេះដែរ ហ៊ា ម៉ុង ជាម្ចាស់ទិញដីក្រោយ ហើយធ្វើរបងថ្មនោះ បានអះអាងថា គាត់បានធ្វើរបងនេះ តែនៅលើផ្ទៃដីរបស់គាត់បានទិញពីឈ្មោះ គុយ មាន តែប៉ុណ្ណោះ ដោយផ្នែកតាមឯកសារ ប្លង់ដី ដែលមានស្រាប់ ហើយ ក៏មិនបានទៅយកដីអ្នកផ្សេងនោះដែរ ដោយនិយាយយ៉ាងខ្លីថា ដីរបស់គាត់ លុយរបស់គាត់ គឺធ្វើរបងមិនចាំបាច់ទៅសួរអ្នកណានោះទេ ។
ទន្ទឹមគ្នានេះ លោក ហេង ជា មេឃុំកំពង់ថ្ម បានបង្ហើបឲ្យដឹងថា ចំពោះបញ្ហាដីនៅចំណុចនេះ លោក ក៏ធ្លាប់បានដោះស្រាយចំនួន២ដងរួចមកហើយ ដោយអាជ្ញាធរភូមិ ឃុំបានឯកភាពទៅលើការដាក់សំណើ របស់ប្រជាពលរដ្ឋទាំង៥គ្រួសារនេះ ដែលបានស្នើសុំទុកផ្លូវចេញ ចូល ចាស់ដដែល កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ តែការធ្វើរបងថ្មពេលនេះ គឺអាជ្ញាធរឃុំ ទើបតែទទួលបានព័ត៌មាននេះ ព្រោះអ្នកម្ចាស់ដី ទើបតែទិញក្រោយ បានលួចធ្វើរបង ដោយគ្មានការអនុញ្ញាតពីភាគីណាឡើយ តែនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ លោកនឹងដឹកនាំកម្លាំងចុះទៅពិនិត្យ និងផ្អាកមិនឲ្យធ្វើបន្តទៀតមួយរយៈសិន លុះត្រាតែមានការឯកភាពគ្នា ពីភាគីជុំវិញជាមុនសិន ទើបអនុញ្ញាតឲ្យធ្វើបន្តទៀតបាន ។
បើទោះជាយ៉ាងណាក្តី ប្រជាពលរដ្ឋរងគ្រោះបាន និងកំពុងរង់ចាំមើលចំណាត់របស់អាជ្ញាធរ មូលដ្ឋាន តើមានប្រសិទ្ធភាពដែរ ឬទេ ហើយពួកគាត់ ក៏សូមអំពាវនាវដល់អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធមេត្តាជួយរកដំណោះស្រាយត្រឹមតែទុកផ្លូវចេញចូលប្រវែង៣មែត្រប៉ុណ្ណោះ ៕ ប៊ុនរិទ្ធី