ព័ត៌មានទាន់ហេតុការណ៍៖

ដើម្បីទប់ទល់រុស្ស៊ី អ៊ុយក្រែនចង់បានជំនាញបច្ចេកទេសផលិតគ្រាប់មីស៊ីល Patriot មុនដាច់ឆ្នាំ២០២៦

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយថាលោកផ្ទាល់រូបពឹងថាអ៊ុយក្រែននឹងទទួលបានជំនាញបច្ចេកទេស ដើម្បីផលិតគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ផលិតដោយសហរដ្ឋអាមេរិកនៅមុនដំណាច់ឆ្នាំនេះ។

ទីក្រុងកៀវបច្ចុប្បន្ន កំពុងខ្វះខាតគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស នៅចំពោះមុខការបង្កើនការវាយប្រហារដោយបាញ់មីស៊ីលបាលិស្ទីគ និងដ្រូនពីសំណាក់រុស្ស៉ីស្ទើរតែជាប្រចាំ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក ហ្សេលេនស្គី បានលើកឡើងថា «នៅមុនដំណាច់ឆ្នាំ២០២៦ យើងមានផែនការដើម្បីទទួលបានសមត្ថភាពបច្ចេកទេសក្នុងការផលិតគ្រាប់មីស៊ីលដោយខ្លួនឯង ជាមួយក្រុមអ្នកជំនាញអ៊ុយក្រែន…ហើយបច្ចុប្បន្នយើងកំពុងធ្វើការដើម្បីទទួលបានអាជ្ញាបណ្ណផលិតជាផ្លូវការ»។

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះបានធ្វើការប្រកាសដ៏ភ្ញាក់ផ្អើលមួយពីបំណងអនុញ្ញាតឱ្យអ៊ុយក្រែនផលិតគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot។ តែលក្ខខណ្ឌ និងកាលបរិច្ឆេទជាក់លាក់នៃលទ្ធភាពផ្ដល់អាជ្ញាបណ្ណឱ្យអ៊ុយក្រែនផលិតគ្រាប់មីស៊ីល Patriot ជាពិសេសប្រភេទ PAC-3 នៅមិនទាន់មានការកំណត់ឱ្យបានជាក់លាក់ នៅឡើយទេ។ បើតាមវិទ្យាស្ថានស្រាវជ្រាវអាមេរិក FPRI ការផលិតគ្រាប់មីស៊ីលប្រភេទ PAC-3 MSE មួយគ្រាប់ ត្រូវចំណាយពេល ២៤ខែ និង៣០ខែ ដើម្បីផលិតម៉ាស៊ីនរបស់វា៕


ចែករំលែក៖