ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាស្វាគមន៍វេទិកាបូអាវ និងអ្នកវិនិយោគគិនចិននៅវិមានសន្តិភាព

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៥ កញ្ញា ២០១៨ នៅវិមានសន្តិភាព គឺមានកិច្ចប្រជុំពិសេសស្តីពីវេទិកាពាណិជ្ជកម្មបូអាវ (BOAO) នៅក្រោមអធិបតីភាព លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ខាងភាគីចិន គឺតំណាងដោយ លោក លី បាវដុង (Li Baodong) អគ្គលេខាធិកានៃវេទិការបូអាវអាស៊ី (Boao Forum for Asia) ព្រមជាមួយអ្នកវិនិយោគគិនចិនប្រមាណ៣៤នាក់ផងដែរ។ ទន្ទឹមនឹងនោះក៏មានការចូលរួមពី សភាពាណិជ្ជកម្មកម្ពុជា ដែលតំណាងដោយ អ្នកឧកញ៉ា គិត ម៉េង និងសមាជិកសមាជិការតំណាងក្រុមហ៊ុនជាច្រើនរូបទៀតផង។

លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ ដែលបានអញ្ជើញមកចូលរួមនៅក្នុងកិច្ចពិភាក្សាក្នុង វេទិកាបូអាវ ដែលរៀបចំធ្វើនៅកម្ពុជាជាលើកដំបូងនៅថ្ងៃនេះ។ តាមពិតកម្មវិធីព្រឹកនេះគឺ សម្តេចតេជោនាយករដ្ឋមន្រ្តីត្រូវអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ប៉ុន្តែដោយករណីកិច្ចខានពុំបាន គឺសម្តេចត្រូវជាប់រវល់អញ្ជើញទៅចូលរួមគោរពវិញ្ញណក្ខ័ន្ឋអតីតប្រធានាធិបតីវៀតណាម Tran Dai Quang នៅប្រទេសវៀតណាម កាលពីព្រឹកមិញ។

វេទិកាបូអាវ (Boao Forum) ដែលសព្វថ្ងៃមានសមាជិកមកពីប្រទេស ២៩ គឺបានជួបប្រជុំពិភាក្សាគ្នាលើការងារសហប្រតិបត្តិការ ការងារធុរកិច្ច និងសេដ្ឋកិច្ចដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសជាដៃគូទាំងអស់។ កម្ពុជាក៏ជាស្ថាបនិកដ៏សកម្មមួយដែលបានជួយជំរុញនិងគាំទ្រវេទិកាបូអាវអាស៊ី (Boao Forum for Asia) នេះ ហើយដែលកន្លងមកគឺបានពង្រឹងនូវមិត្តភាព និងសហប្រតិបត្តិការរឹងមាំល្អរវាងកម្ពុជានិងមិត្តចិនផងដែរ។

ក្រោមការចង្អុលបង្ហាញពីប្រមុខដឹកនាំនៃប្រទេសកម្ពុជា និងចិន តាមរយៈវេទិកាបូអាវអាស៊ីនៅថ្ងៃនេះ គឺនឹងមានការចូលរួមពីពាណិជ្ជករនិងវិនិយោគគិនរាប់រយនាក់ ដើម្បីជួបពិភាក្សាគ្នាដើម្បីពង្រីកបណ្តាញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ នៅកម្ពុជា ដែលក្នុងនោះគឺមានក្រុមហ៊ុនវិនិយោគចិនចំនួន ៩ មានគោលបំណងចុះបញ្ជីបើកក្រុមហ៊ុនវិនិយោគនៅកម្ពុជាផងដែរ។

ឆ្នាំ ២០១៨ នេះ ក៏ត្រូវនឹងខួប១៥ឆ្នាំនៃទំនាក់ទំនងចិន និងអាស៊ី ស្របពេលនឹងខួបលើកទី ៤០ នៃកំណែទម្រង់ចិន និងបើកចំហរដែលផ្តល់ឱកាសអោយពាណិជ្ជករ និងអ្នកវិនិយោគចិនមានឱកាសចាប់ដៃគូពង្រីកពាណិជ្ជកម្មកាន់តែទូលំទូលាយនៅក្រៅប្រទេស ជាពិសេស នៅកម្ពុជា។

ប្រទេសចិនបានកោតសរសើរកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺបានធ្វើអោយប្រទេសជាតិរីកចម្រើន ដែលមានកំណើនសេដ្ឋកិច្ចរឹងមាំជាប់ចំណាត់ថ្នាក់ទី ៦ លើពិភពលោកទៀតផង។

ក្នុងនាម សម្តេចតេជោនាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមជាឧបនាយករដ្ឋមន្រ្តី លោក ហោ ណាំហុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមប្រតិភូដែលដឹកនាំដោយ លោក លី បាវដុង (Li Baodong)និងតំណាងក្រុមហ៊ុនទាំងអស់សូមទទួលបានជោគជ័យនៅក្នុងកិច្ចប្រជុំពិភាក្សានៅក្នុងវេទិកា បូអាវ នៅរសៀលថ្ងៃនេះ។ ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍សារជាថ្មី និងបានអញ្ជើញក្រុមហ៊ុនទាំងអស់មកវិនិយោគនៅកម្ពុជា ក្នុងនាមជាប្រទេសបងប្អូននឹងគ្នា៕


ចែករំលែក៖