ព័ត៌មានទាន់ហេតុការណ៍៖

លោកសន វី អញ្ជើញកាន់បិណ្ឌទី៤ នៅវត្ត​ព្រែកតូច ស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ លោក សន វី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកទូរគមនាគមន៍កម្ពុជា ជាអនុប្រធាន​ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្អាងទទួលបន្ទុកឃុំព្រែកគយ និងជាតំណាងដ៏ខ្ពង់ខ្ពស់​លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធានក្រុមការងារថ្នាក់ជាតិ ទទួលបន្ទុកចុះជួយស្រុកស្អាង បានដឹកនាំមន្ត្រីរាជការ និងពុទ្ធបរិស័ទកាន់បិណ្ឌ​ទី៤ នៅវត្តព្រែកតូច ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ ។

ទេយ្យទាន ដែលបានចូលរួម​កាន់បិណ្ឌទី៤ នៅវត្តព្រែកតូច នាពេលនោះ មានបច្ច័យកសាងវត្ត១.៣២០.០០០រៀល, ប្រគេនព្រះសង្ឃ៩អង្គ ក្នុងមួយអង្គៗ ៤០.០០០រៀល, សាដក១ ត្រីខ២យួរ, មី២កេះ, តែ២កញ្ចប់ធំ, ស្ករស៣គីឡូក្រាម, ទឹកដោះគោ១២កំប៉ុង, ទឹកក្រូច២កេះ និងទឹកបរិសុទ្ធ២កេះ ។ ជាមួយគ្នានេះដែរ លោកសន វី ក៏បានឧបត្ថម្ភ​តាជី យាយជី អស់ទឹកប្រាក់ចំនួន៤០០.០០០រៀលផងដែរ ។

នៅក្នុងឱកាសនោះ លោកសន វី ក៏បានមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលបាន​ចូលរួមកាន់បិណ្ឌទី៤ ដើម្បីប្រារព្ធតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ និងបានសាកសួរសុខទុក្ខ​ និងថ្លែងអំណរគុណផងដែរ ចំពោះ​បងប្អូន​នៅ​ឃុំ​ព្រែកគយ ទាំងមូល ដោយកន្លងមក បានគាំទ្រ​គណបក្សប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោតអាណត្តិទី៦ ទទួលបានជោគ​ជ័យ ហួសពីការស្មាន ៕ ប្រាថ្នា


ចែករំលែក៖