ព័ត៌មានទាន់ហេតុការណ៍៖

គ្រាន់តែរឿងបរិហារកេរ្តិ៍ក្នុងហ្វេសប៊ុកនារីវ័យក្មេង២នាក់ប្រើផ្លែឡាមបើកឆាកប្រយុទ្ធគ្នារបួសទាំងសងខាង

ចែករំលែក៖

ភ្នំពេញ ៖ នារី បម្រើខារ៉ាអូខេកូប្រាម្នាក់ បានទៅវាយប្រហារទៅលើនារីម្នាក់ទៀត ដោយប្រើផ្លែឡាមបើកឆាកប្រយុទ្ធគ្នា បណ្ដាលឲ្យរបួសទាំងសងខាង ព្រោះតែ រឿងបរិហារកេរ្តិ៍ក្នុងហ្វេសប៊ុក ហើយត្រូវ នគរបាលខណ្ឌចំការមនឃាត់ខ្លួនយកមកសាកសួរ។

ហេតុការណ៍ឃាត់ខ្លួននារីវ័យក្មេងទាំង២នាក់ពាក់ព័ន្ធករណីហិង្សាខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃអង្គារ ១រោច ខែ ភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ ចំណុចហាងអ៊ុតលក់មួយផ្ទះលេខ​៤១N មហាវិថីព្រះនរោត្តម ក្រុម៣១ ភូមិ៦ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។

នារីទាំង២នាក់នេះ ទី១-ឈ្មោះ វណ្ណា ស៊ី ណែត អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នារីបម្រើខារ៉ាអូខេកូប្រា ស្នាក់នៅផ្ទះជួល ផ្លូវ លេខ៥ សង្កាត់ ស្រះចក ខណ្ឌដូនពេញ (រងរបួសហើមបបូរមាត់ និង លើផ្ទៃមុខ ស្រាល) ,២-ឈ្មោះ កើត សុវណ្ណ មាលា អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ​ស្នាក់នៅផ្ទះលេខ៥៣N ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (រង​របួស​ដាច់ពីខ្ទង់ច្រមុះដល់លើថ្ពាល់ខាង​ឆ្វេង និងដាច់ឆូតលើក្បាលពោះ (ដោយ​សារផ្លែឡាម )។

យោងតាមប្រភពពីមន្រ្តីនគរបាល ខណ្ឌចំការមនបានឲ្យដឹងថា មុនពេល កើតហេតុ ឈ្មោះ កើត សុវណ្ណមាលា កំពុង​នៅផ្ទះជាប់ហាងអ៊ុតសក់ ទីតាំង កើតហេតុខាងលើ ស្រាប់តែឃើញឈ្មោះ វណ្ណា ស៊ីណែត ដើរចូលហាងអ៊ុត សក់ ភ្លាមនោះឈ្មោះ កើត សុវណ្ណមាលា បាន ដើរទៅសួរនាំឈ្មោះ វណ្ណា ស៊ីណែតថា ហេតុអ្វីបាននិយាយឆាតសំឡេងតាមទូរស័ព្ទ បរិហារកេរ្តិ៍អញ ភ្លាមនោះក៏បានឈ្លោះ ប្រកែកពាក្យសម្តី ដោយខឹងពេកឈ្មោះកើត សុវណ្ណមាលាបានទះកំផ្លៀងមួយដៃរួចក៏ វាយប្រតាយប្រតប់បោចសក់គ្នាទៅវិញទៅមក ហើយខណៈវាយបោចសក់គ្នានោះ ឈ្មោះ វណ្ណា ស៊ីណែត បានលូកដៃយក ផ្ល ែឡាម នៅទូដាក់កញ្ចក់អ៊ុតសក់ ក្បែរទូរ ស័ព្ទរបស់ខ្លួនមកកាន់នៅដៃឆូតទៅលើ​មុខកញ្ចឹងក និងក្បាលពោះរបស់ឈ្មោះ កើត សុវណ្ណមាលា បណ្តាលឲ្យដាច់ចេញ​ឈាម ។ ឃើញដូច្នេះឈ្មោះ សំ លីណា ភេទស្រី អាយុ២៦ឆ្នាំ នៅផ្ទះក្បែរនោះក៏ស្ទុះចូលឃាត់ក៏ត្រូវបានរងរបួសចេញឈាម ដោយសារផ្លែ ឡាម ចំនួន២ម្រាមដៃដែរ ។

ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលទន្លេបាសាក់បានចុះទៅធ្វើអន្តរាគមន៍ និង​ឃាត់ខ្លួនទាំង២នាក់យកមកប៉ុស្តិ៍ដើម្បីចាត់ការតាមនីតិវិធី ៕ ស រស្មី


ចែករំលែក៖