ព័ត៌មានទាន់ហេតុការណ៍៖

វត្តក្រឡាញ់ចាស់ខ្វះចង្ហាន់ផ្គត់ផ្គង់ព្រះសង្ឃក្នុងពេលកាន់បិណ្ឌឆ្នាំនេះ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ព្រះសង្ឃ៣អង្គគង់នៅវត្តក្រឡាញ់ចាស់ស្ថិតក្នុងឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបានដង្ហោយ ហៅពុទ្ធបរិស័ទជិតឆ្ងាយនារដូវកាន់បិណ្ឌនេះមកចូលរួមកាន់បិណ្ឌក្នុងវត្តក្រឡាញ់ចាស់ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃនៅក្នុងទីអារាម នេះ ។

ព្រះតេជគុណ ម៉ុច សៅលី ព្រះចៅអធិ ការវត្តក្រឡាញ់ចាស់បានប្រាប់កាសែត នគរវត្តនៅរសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ថា ព្រះអង្គពិតជាសង្វេតណាស់សម្រាប់ព្រះសង្ឃនៅក្នុងវត្តក្រឡាញ់ចាស់នេះដែល កំពុងអត្តខាត់ចង្ហាន់នារដូវកាន់បិណ្ឌនេះ។ ជារៀងរាល់ឆ្នាំវត្តក្រឡាញ់ចាស់នៅក្នុងពេលកាន់បិណ្ឌ ពុំមានពុទ្ធបិរស័ទ ចំណុះជើងវត្តកាន់វេនបិណ្ឌគ្រប់ថ្ងៃនោះទេ គឺមានតែ២វេនបុ៉ណ្ណោះក្នុងរយៈពេល១៥ថ្ងៃនេះធ្វើឲ្យព្រះសង្ឃនៅក្នុងវត្តជួបការ លំបាកខ្លាំង ។

ព្រះចៅអធិការវត្តអង្គនេះបានប្រាប់ទៀតថា មូលហេតុដែលវត្តក្រឡាញ់ចាស់ពុំមានវេនបិណ្ឌគ្រប់គ្រាន់នោះ ព្រោះថា នៅក្នុងភូមិនេះមានវត្ត២នៅជិតគ្នាប្រជាជនពុទ្ធបរិស័ទភាគច្រើនមានជីវភាពខ្វះខាត និង មាននិន្នាការសាសនាខុសគ្នា និង នយោបាយ ។

ព្រះអង្គបានមានថេរដីកាទៀតថា វត្តក្រឡាញ់ចាស់នៅមិនឆ្ងាយពីទីរួមខេត្តកំពង់ឆ្នាំងនោះទេប៉ុន្តែបើប្រៀបធៀបនឹងវត្ត ដទៃនោះ វត្តខ្លះចង្ហាន់សល់ពោរពាសពេញ សាលាឆាន់ ខ្វះព្រះសង្ឃឆាន់ តែបែរជាវត្ត របស់ព្រះអង្គខ្វះខាតទៅវិញ។ បើខុសពី រដូវបុណ្យវិញព្រះសង្ឃនៅវត្តនេះត្រូវធ្វើ ចង្ហាន់ឆាន់ខ្លួនឯងជាប្រចាំដែលនេះជា ទម្លាប់ទៅហើយ ប៉ុន្តែអ្វីដែលហួសចិត្ត នោះក្នុងរដូវបុណ្យទានបែបនេះគួរណាស់តែវត្តក្រឡាញ់ចាស់មួយនេះសម្បូរចង្ហាន់ មិនបានពោរពាសដូចគេ ក៏សុំត្រឹមតែគ្រប់ក្នុងរដូវកាលបុណ្យនេះទៅចុះ ។

ព្រះចៅអធិការវត្តអង្គនេះក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទនៅទីជិត ឆ្ងាយដែលមានសទ្ធាជ្រះថ្លាមកចូលរួម កសាងបុណ្យកុសលនៅទីអារាមវត្ត ក្រឡាញ់ចាស់ ស្ថិតនៅឃុំប្រស្និប ស្រុក រលាប្អៀរនេះផងដើម្បីឲ្យវត្តមួយនេះមាន វេនបិណ្ឌគ្រប់វនតាមបិណ្ឌដូចវត្តដទៃ។

ប្រសិនបើពុទ្ធបរិស័ទមិនស្គាល់ផ្លូវក៏ អាចទំនាក់ទំនងទូរស័ព្ទផ្ទាល់របស់ព្រះអង្គចៅអធិការវត្តផងដែរគឺ 015 896 999, 097 55 08 097 ៕ ចន្ថា


ចែករំលែក៖