ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះខណ្ឌដង្កោបន្តដាក់គោលដៅត្រួត្យពិនិត្យអាវុធជាតិផ្ទុះ និងបទល្មើសក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព នៅវេលាម៉ោង៧យប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌដង្កោ បានបន្តដាក់គោលដៅត្រួត្យពិនិត្យអាវុធជាតិផ្ទុះនៅត្រង់ចំណុចមុខវត្តសំបួរមាស តាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្នុងកិច្ចប្រតិបត្តិការណ៍ខាងលើនេះ គឺមានការចូលរួមពីលោក កេង ថា អនុប្រធានរដ្ឋបាលខណ្ឌដង្កោជំនួសលោក តិមា សោភា ដែលជាអភិបាលរងខណ្ឌ និងរួមសហការជាមួយលោក សូរ វិសាល អធិការរងខណ្ឌ ព្រមទាំងលោក ជា ផល្លា រងប៉េអុឹមខណ្ឌ និងមន្ត្រីថ្នាក់ក្រោមជាច្រើនរូបទៀត បានចូលរួមសហការយ៉ាងយកចិត្តទុកដាក់ក្នុងការត្រួត្យពិនិត្យអាវុធជាតិផ្ទុះខាងលើនេះ ។

លោក កេង ថា អនុប្រធានរដ្ឋបាលខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការណ៍ខាងលើនេះគឺប្រើពេល១ម៉ោងប៉ុណ្ណោះ ចាប់ពីម៉ោង៧យប់ ដល់ម៉ោង៨យប់ ហើយក្នុងអំឡុងប្រតិបត្តិការនោះដែរ ខាងកម្លាំងចម្រុះបានធ្វើការឃាត់ម៉ូតូចំនួន៧៦គ្រឿង រថយន្ត៩គ្រឿង អប់រំមនុស្ស១៤នាក់ ដោយគ្មានបទល្មើស និងអាវុធជាតិផ្ទុះឆ្លងកាត់នោះ ៕ ភារ៉ា ដង្កោ


ចែករំលែក៖