ភ្នំពេញ៖ ព្រឹកថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ២០១៨ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 ជំនាន់ទី៤៥ និងទី៤៦ ចំនួន ៧៨៧នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី១ (សាខាទួលស្លែង)ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក បណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប និងលោកស្រី ។
លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានឲ្យដឹងថា៖ បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន២១ សាខា ក្នុងនោះ ១៩សាខា កំពុងដំណើរការ និង០២សាខា កំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សាជាង ៤០.០០០នាក់។
ដោយឡែកសិស្សភាសាអង់គ្លេស Level 6 ដែលបានប្រឡងបញ្ចប់ទាំង ៤៦ជំនាន់ មានចំនួន ១១.៩៣៩ នាក់។
កម្មវិធីសិក្សាផ្នែកភាសាអង់គ្លេសទូទៅ(ESL Program) ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងសុទ្ធតែមុខវិជ្ជាទំនើបៗ ហើយសៀវភៅសិក្សាត្រូវបានសហការគាំទ្រដោយក្រុមហ៊ុន McGraw-HILL Education នៅសហរដ្ឋអាមេរិក។ ក្នុងនោះដែរ សាលាក៏បានបន្ថែមកម្មវិធីសិក្សាដូចជាៈ ចម្រៀង រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ ដល់សិស្សគ្រប់កម្រិតចាប់ពី Preschool 1 ដល់ Level 12 ដើម្បីធ្វើឲ្យសិស្សមានគំនិតថ្មីៗ មានភាពក្លាហាន ហ៊ានបញ្ចេញយោបល់ ចេះវែកញែក ។
នៅពេលបញ្ចប់ Level 12 សិស្សមានសមត្ថភាពគ្រប់គ្រាន់ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ជាពិសេស ទទួលបានពិន្ទុតេស្តអន្តរជាតិ អាយអែល (IELTS) យ៉ាងតិច 5.5 ឡើងទៅ ដែលអាចដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសបានយ៉ាងងាយ។
ក្នុងឱកាសនោះផងដែរ លោក បណ្ឌិត លី ឆេង បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម រហូតទទួលបានវិញ្ញាបនបត្រនាពេលនេះ។
លោក បណ្ឌិត ក៏បានបន្ថែមទៀតថាសិស្សដែលសិក្សាភាសាអង់គ្លេសទាំងអស់ នៅពេលបញ្ចប់កម្រិតទី១២ (Level 12) សាលានឹងរៀបចំឲ្យប្រឡងតេស្តអន្តរជាតិ អាយអែល (IELTS) ហើយសិស្សដែលទទួលបានពិន្ទុ ចាប់ពី 6.5 ឡើងទៅ នឹងទទួលបានអាហារូបករណ៍ ១០០% សិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រយៈពេល ៤ឆ្នាំ ចំណែកឯសិស្ស ដែលទទួលបានពិន្ទុ ចាប់ពី 7.5 ឡើងទៅ នឹងទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង ទៅសិក្សានៅក្រៅប្រទេស ផងដែរ។
ដោយឡែក សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក៏មានកម្មវិធីសិក្សាជាភាសាជាតិ និង អន្តរជាតិ ដែលកម្មវិធីសិក្សា អន្តរជាតិ គឺបង្រៀនផ្តោតទៅលើភាសាអង់គ្លេស ១០០% ជាកម្រិតអន្តរជាតិ ដើម្បីធ្វើឲ្យសិស្សមានទំនាក់ទំនងគ្នា ពីសាលា រហូតដល់ សាកលវិទ្យាល័យ នៅថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
សាកលវិទ្យាល័យ ក៏បានបើកកម្មវិធីសិក្សាជា ភាសាជាតិ ដោយបង្រៀនជា ពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស ដើម្បីធ្វើយ៉ាងណាឲ្យនិស្សិតប៊ែលធី ទទួលបាននូវចំណេះដឹង ទាំងភាសាជាតិ និងអន្តរជាតិ និងផ្តល់ភាពងាយស្រួលជូនដល់និស្សិតក្នុងការទំនាក់ទំនងរវាងជាតិ និងអន្តរជាតិ ដែលជាឱកាសក្នុងការប្រកបរបរអាជីវកម្មផ្ទាល់ខ្លួនដោយជោគជ័យ និងក្លាយជាសហគ្រិនភាពដ៏ល្បីក្នុងពេលអនាគត។
បន្ទាប់មក លោកបណ្ឌិត ប្រធានគណៈអធិបតី ក៏បានចូលរួមអបអរសាទរ និងប្រគល់វិញ្ញាបនបត្រដល់សិស្សជ័យលាភីទាំង ៧៨៧នាក់ នាពេលនោះផងដែរ ៕ ស រស្មី