ខេត្តកំពង់ស្ពឺ៖ នារីវ័យក្រមុំម្នាក់ កំពុងនៅក្នុងផ្ទះតែម្នាក់ឯង ស្រាប់តែជនសង្ស័យម្នាក់ លីចបចូលសំពងចំក្បាលបណ្តាលឲ្យរបួសធ្ងន់ ។ ករណីបង្កហិង្សាដោយសង្ស័យជនដៃដល់បែកថ្នាំនេះ សមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យបានភ្លាមៗនៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិអង្គទន្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
នារីរងគ្រោះឈ្មោះគឹម ស្រីណេត អាយុ១៨ឆ្នាំ ។ ចំណែកជនសង្ស័យឈ្មោះម៉ូវ ឈុនលឹម ភេទប្រុស អាយុ២៩ឆ្នាំ ។ ពួកគេទាំង២នាក់ រស់នៅភូមិកើតហេតុខាងលើជាមួយគ្នា ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះ ស្ថិតក្នុងផ្ទះតែម្នាក់ឯង ស្រាប់តែជនសង្ស័យ ដែលមិនធ្លាប់មានជម្លោះជាមួយនារីរងគ្រោះពីមុនសោះនោះ តែសង្ស័យបែកថាំ្ម បានលីចបចូលវាយក្បាល១ត្បូងចប បណ្តាលឲ្យនារីរងគ្រោះ របួសធ្ងន់ ត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជនភ្លាមៗ រួចប្តឹងសមត្ថកិច្ចតាមក្រោយ ។
ប្រភពដដែលបន្តថា នៅម៉ោង១២ថ្ងៃត្រង់ សមត្ថកិច្ចបានស្រាវជ្រាវរួចឃាត់ខ្លួនជនសង្ស័យ នៅមកអធិការដ្ឋាន កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ