ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូមកឈប់លើស្ពានជ្រោយចង្វាលោតទឹកសម្លាប់ខ្លួន​ត្រូវបាននេសាទត្រីជួយសង្គ្រោះទាន់ពេល

ចែករំលែក៖

ភ្នំពេញ​៖ បុរសម្នាក់​ មិនដឹងថា វិបត្តិអ្វី​បើកម៉ូតូ​ មកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វា​ថ្មី តែត្រូវបានប្រជាពលរដ្ឋនេសាទត្រីនៅក្បែរនោះចេញជួយសង្គ្រោះទាន់ពេល។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីម៉ោង​ជាង១០ព្រឹក​ ថ្ងៃទី០២​ ខែតុលា​ ឆ្នាំ​២០១៨​ នៅចំណុចលើស្ពានជ្រោយចង្វាថ្មី​ ស្ថិតក្នុងភូមិដើមគរ​ សង្កាត់-ខណ្ឌជ្រោយចង្វា​ ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលមកលោតទឹកសម្លាប់ខ្លួនមានឈ្មោះ​ លឹម​ សម្បត្តិ​ អាយុ​ ៣០ឆ្នាំ​ មានមុខរបរ​ ស្នាក់នៅផ្ទះ៧អា​ ផ្លូវលំ​ ភូមិត្នាត​ សង្កាត់សឹងមានជ័យ​ ខណ្ឌមានជ័យ​ ។

ប្រភពពត៌មាន​នៅកន្លែងកើតហេតុ​ បាន​ ឲ្យដឹងថា​ មុនកើតហេតុ​ គេបានឃើញបុរសម្នាក់ជិះម៉ូតូ​ មួយគ្រឿង​ ម៉ាក​ Today ពណ៌ខៀវ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1CJ-3086 បានធ្វើដំណើរក្នុងទិសដៅពីកើតមកលិច​ ខណៈធ្វើដំណើរមកដល់ចំណុចលើស្ពានជ្រោយចង្វា​ថ្មី​ ក៏ឈប់ម៉ូតូលោតចុះពីលើស្ពានតែម្តង។ ភ្លាមៗនោះ​ ត្រូវបានប្រជាពលរដ្ឋអ្នកនេសាទត្រីនៅក្បែរនោះ​ បានចេញទូកនេសាទជួយសង្គ្រោះទាន់ពេលវេលា​ ហើយបាននាំបុរសនោះឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា​ ដើម្បីសាកសួរ​ និងទាក់ទងរកសាច់ញាតិរបស់គេ។

ចំពោះមូលហេតុនៃការលោតសម្លាប់ខ្លួនរបស់បុរសរូបនេះ​ គឺមិនទាន់អាចសុំការបំភ្លឺបាននោះទេ ៕ ជ្រោយពេជ្រ


ចែករំលែក៖