ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ដោយសារបុរសជនជាតិម៉ាឡេស៊ី ២នាក់ បានបើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតា TACOMA ប្រដេញគ្នាជាមួយរថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រ បើកបរដោយជនជាតិជប៉ុន២នាក់ ក្នុងល្បឿនយ៉ាងលឿន វ៉ានឹងជែងគ្នាមិនផុតក៏ជ្រុលទៅបុកចំបញ្ឆិត ពីមុខរថយន្តឡង់គ្រីស័រ បណ្ដាលឲ្យរេចង្កូតខ្ទោតទៅបុកតូបយាមរបស់សន្តិសុខ ខ្ទេចអស់ និងបុកបាក់ដើមចំប៉ាបាក់អស់១ដើម រួចបន្តទៅបុកផ្ទប់ជាប់បង្គោលភ្លើង បាក់អស់ចំនួន១ដើម រងការខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមនុស្សរងរបួសនោះទេ ។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវបែកជាបួន(ជិតវិទ្យាល័យជាស៊ីមបឹងកេងកង) ផ្លូវលេខ៦៣ កែងផ្លូវលេខ៤០០ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីសន្តិសុខយាមសណ្ឋាគារមួយកន្លែង ស្ថិតនៅទល់មុខកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក TOYOTA TACOMA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AQ-5114 បើកបរដោយជនជាតិម៉ាឡេស៊ី ២នាក់ ធ្វើដំណើរពីត្បូងទៅជើង ដោយឃើញបើកប្រដេញគ្នា ជាមួយរថយន្តមួយគ្រឿងទៀត LAND CRUISER ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧត្ដរមានជ័យ 2A-0205 ក្នុងល្បឿនយ៉ាងលឿន ដូចគ្នា ខណៈមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបែកជាបួន មិនព្រមបន្ថយល្បឿនទេ រថយន្ត TACOMA បានបន្ថែមល្បឿន ដើម្បីវ៉ាជែងឲ្យផុត ស្រាប់តែរថយន្ត LAND CRUISER បានបន្ថែមល្បឿន ដែរ ហើយរថយន្តទាំងពីរគ្រឿងរេចង្កូតមកអែបក្បែរគ្នា ហើយរថយន្ត LAND CRUISER ក៏បានបុករថយន្ត TACOMA ប៉ះបញ្ឆិត ចំខាងមុខ បណ្ដាលឲ្យរថយន្ត LAND CRUISER ទាញចង្កូតមកវិញជ្រុល ឡើងទៅលើចិញ្ចើមផ្លូវ បុករះតូបយាមរបស់សន្តិសុខ ខ្ទេចអស់ទាំងស្រុង និងបុកដើមចំប៉ា បាក់ដាច់ត្រឹមគល់ អស់១ដើម រួចរថយន្តមិនទាន់អស់ល្បឿន បន្តទៅបុកផ្ទប់បង្គោលភ្លើងថ្ម ពេញទំហឹង បណ្ដាលឲ្យ បាក់បង្គោលភ្លើងចំនួន១ដើម ចំណែកឯរថយន្ត បោកជាប់នឹងបង្គោលភ្លើងអែបទៅជាប់របងផ្ទះវីឡា រងការខូចខាតយ៉ាងដំណំ និងបែកកញ្ចក់ខាងមុខចំហៀងខាងស្ដាំ និងខ្ទាត កម្ទេចកំទី បាក់បែក របាត់របាយពេញផ្លូវ ចំណែកឯរថយន្ត TACOMA ខ្ទាតវិលក្បាលត្រលប់ក្រោយ១ជុំ រងការខូចខាតខាងមុខចំហៀងខាងស្ដាំយ៉ាងដំណំ ផងដែរ តែសំណាងល្អ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើត រាយការណ៍ ប្រាប់សមត្ថកិច្ច ជំនាញ ចុះមកធ្វើការវាស់វែង រួចស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់ ៕ស រស្មី