ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ កំពុងរងទុក្ខ នៃគ្រោះទឹកជន់លិចអស់រយះពេល៤ទៅ៥ថ្ងៃមកហើយ ក្រោយពីមេឃបានធ្លាក់ភ្លៀង តែអាជ្ញាធរនៅមិនទាន់មានវិធាការដើម្បីរំដោះទឹកចេញ ខណៈទឹកកំពុងវាយលុកចូលដល់ក្នុងផ្ទះប្រជាពលរដ្ឋទៅហើយ ។
យើងសង្កេតឃើញថា អស់រយះពេល៤ទៅ៥ថ្ងៃមកហើយ ដែលទីតាំងខាងលើត្រូវបានទឹកជន់លិចត្រឹមជង្គង់ធ្វើឲ្យផ្ទះប្រជាពលរដ្ឋមួយចំនួន បានជន់លិចចូលដល់ក្នុងផ្ទះ ហើយបានរត់ទៅស្នាក់នៅផ្ទះបងប្អូនមួយរយះ ។ ដោយឡែកក្រុមអាជីវករមួយចំនួន ក៏បានបិទទ្វារ មិនអាចលក់ដូរបាន ។
រហូតមកដល់ពេលនេះ ទឹកនៅមិនទាន់បានស្រកនៅឡើយទេ ចំណែកអាជ្ញាធរ ហាក់បីដូចជាពុំមានវិធានការដើម្បីរំដោះទឹកចេញនោះទេ ។
ចាំមើលតើលោកហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ នឹងមានវិធានការយ៉ាងណា ចំពោះគ្រោះទឹកជន់លិចខាងលើនេះ ខណៈប្រជាពលរដ្ឋកំពុងរងទុក្ខជាទម្ងន់ ៕ សុខាសែនជ័យ