ភ្នំពេញ ៖ លោកសុខ សម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌ និងជាប្រធានកិត្តិយសអនុសាខាកាកបាទកម្ពុជាខណ្ឌព្រែកព្នៅ លោកស្រី សួន ចាន់រីអភិបាលរង លោកជា ខេម៉ាអភិរងខណ្ឌ លោកនាយករដ្ឋបាល នាយករង បានដឹកនាំ មន្ត្រីសាលាខណ្ឌ និងយុវជនកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ ទៅទទួលទេយ្យទានពីព្រះឧត្តមធម្ម សោម ស៊ីម ព្រះធម្មធរ អនុគណខណ្ឌព្រែកព្នៅ និងជាព្រះចៅអធិការវត្តប្រាសាទដើម្បីជួយដល់ជនក្រីក្រ និងទុរគតជនមានការខូចខាត ។
ពិធីឧបត្ថមទេយ្យទាន ពីព្រះចៅអធិការវត្តប្រាសាទនេះធ្វើឡើងនៅថ្ងៃព្រហស្បតិ៍២ កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅក្នុងវត្តប្រាសាទ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅបានថ្លែងថា ជំនួយឧបត្ថមនេះ លោក និងយកទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ជាង៧០០គ្រួសារ និងប្រជាពលរដ្ឋក្រីក្រមួយចំនួនទៀត ដែលកំពុងត្រូវការជំនួយជាចាំបាច់ ។
លោកបន្តថា នេះជាលើកទី៣ហើយដែលកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅទទួលទេយ្យទានពី ព្រះឧត្តមធម្ម សោម ស៊ីម ព្រះធម្មធរ អនុគណខណ្ឌព្រែកព្នៅ និងជាព្រះចៅអធិការវត្តប្រាសាទ និងជាលើកទី១សម្រាប់ឆ្នាំ២០១៨នេះ ។
ទេយ្យទានដែលកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅទទួលបានពី ព្រះឧត្តមធម្ម សោម ស៊ីមព្រះធម្មធរអនុគណខណ្ឌព្រែកព្នៅ និងជាព្រះចៅអធិការវត្តប្រាសាទរួមមាន៖ បច្ច័យចំនួន៥លានរៀល អង្ករចំនួន២តោន ទឹកក្រូចចំនួន៣០កេះ ទឹកសុទ្ធចំនួន៧០កេះ ម៉ីចំនួន ៣០កេះ ត្រីខកំប៉ុងចំនួន ២០០កំប៉ុង ទឹកដោះគោចំនួន១៥០កំប៉ុង និងស្ករសចំនួន ១៥០គីឡូក្រាមផងដែរ ។
លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបានបន្តថា ក្រៅអំពីជំនួយឧបត្ថមទេយ្យទាន ដែលបានមកពីព្រះសង្ឃក្តី និងពីសប្បុរសជននានាក្តីទាំងនេះ គឺបញ្ជាក់ឲ្យឃើញថា ខ្មែរចេះសាមគ្គីគ្នា ចេះស្រឡាញ់គ្នា ស្ថិតក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសដ៍ឆ្នើម និងជាអ្នកនាំមកនូវសុខសន្តិភាពដល់ប្រទេសទាំងមូល រស់នៅក្រោមដំបូលសន្តិភាពតែមួយ ៕ ធឿនព្រែកជ័យ