ភ្នំពេញ៖ ចោរឆក់ទូរស័ព្ទម្នាក់ ក្នុងចំណោមគ្នា២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីនារីម្នាក់បានសម្រេចហើយ ព្យាយាមជិះ រត់គេចខ្លួន តែរត់មិនផុតត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញតាមក្របួចជាប់ម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។
ករណីឆក់ទូរស័ព្ទដៃខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៧យប់ថ្ងៃព្រហស្បតិ៍ ២កើត ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៨ មុខហាងកាហ្វេ អាម៉ាហ្សូន តាមបណ្តោយ ផ្លូវ កម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ ទឹកល្អក់ ទី ១ ខណ្ឌ ទួល គោក រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ សុខ វិសាល ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក (ជាអ្នកធ្វើសកម្មភាពឆក់) ។ ចំណែកឯបក្ខពួកម្នាក់ទៀតដែលជាអ្នកបើកម៉ូតូបានរត់គេចខ្លួនបាត់ស្រមោលនោះ មិនស្គាល់អត្តសញ្ញាណ ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះវ័យប្រហែល២០ម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកZOOMER-X ពណ៌សលាយ ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1GD-5199 ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១១០(សង់ប៊ិច) ពណ៌ខ្មៅ បិទតែម ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1BX-7258 ជិះមកពីក្រោយ ហើយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿង ម៉ាកអាយហ្វូនស៊ិច ពីនារីរងគ្រោះដែលកំពុងតែនិយាយបានសម្រេចតែម្តង ។
ភ្លាមៗនោះជនសង្ស័យ បាននាំគ្នាព្យាយាមបើកម៉ូតូរត់គេចខ្លួន តែត្រូវនារីរងគ្រោះស្រែកឆោឡោថាចោរៗ និងជិះដេញតាមពីក្រោយ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានកំពុងជិះល្បាតនៅក្បែរនោះ ជួយធ្វើអន្តរាគមន៍ ដេញតាមក្របួចបានម្នាក់ នៅគល់ស្ពានអាកាស៧មករា ។ ចំណែកឯម្នាក់ទៀតបានរត់គេចខ្លួនបាត់ ស្រមោល ដោយបន្សល់ទុកទូរស័ព្ទដៃរបស់នារីរងគ្រោះ និងម៉ូតូជនស្ស័យនៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុជនសង្ស័យ រួចទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការបន្តតាមច្បាប់ ៕ ស តារា